ព័ត៌មានជាតិ

បងប្អូនអាជីវករទាំងអស់មានការប្រុងប្រយ័ត្ន ព្រោះមានជនខិលខូចប្រកាសដាក់ជួលស្តង់ពិព័រណ៌ក្នុងតម្លៃ២៥០ដុល្លារ ទាំងដែលអាជ្ញាធរខេត្តបាត់ដំបងពុំទាន់កំណត់ទីតាំងនិងផ្តល់សិទ្ធិនៅឡើយ

BY
Khmernote Media
February 14, 2020

ខណៈដែលពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងត្រូវធ្វើឡើងឆាប់ៗខាងមុខ ក៏មានជនខិលខូចជាជនឆ្លៀតឱកាសយកឈ្មោះក្រុមហ៊ុនធ្វើការផ្សព្វផ្សាយក្នុងការជួលស្តង់ពិព័រណ៌ ក្នុងឱកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ដោយថាបានការឯកភាពពីរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបង។

ចំពោះការផ្សព្វផ្សាយនេះរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបងសូមមិនទទួលខុសត្រូវឡើយ ក៏ព្រោះតែរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងបាត់ដំបងមិនទាន់មានការការកំណត់ទីតាំង ឬផ្តល់សិទ្ធិឲ្យក្រុមហ៊ុនណាមួយក្នុងការដាក់ជួលស្តង់ពិព័រណ៌នៅឡើយទេ។ រដ្ឋបាលខេត្តក៏បានបញ្ជាក់ថា ការរៀបចំស្តង់ពិព័រណ៌ក្នុងឱកាសអបអរសាទរពិធីបុណ្យទន្លេ លើកទី៦ ឆ្នាំ២០២០ នៅខេត្តបាត់ដំបងនេះ រដ្ឋបាលខេត្តបាត់ដំបង បានប្រគល់ជូនក្រសួងទេសចរណ៍ជាអ្នកចាត់ចែង និងរៀបចំ។ អាស្រ័យហេតុនេះសូមសាធារណជន និងបងប្អូនអាជីវករទាំងអស់មានការប្រុងប្រយ័ត្នជៀសវាងការចាញ់បោកបុគ្គលខិលខូចមួយចំនួន។

សូមរំលឹកថាពិធីបុណ្យទន្លេលើកទី៦ នៅខេត្តបាត់ដំបង នឹងធ្វើឡើងរយៈពេល៣ថ្ងៃជាប់ៗគ្នា គឺចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ខាងមុខ ដោយព្រឹត្តិការណ៍នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន នឹងអញ្ជើញជាអធិបតីបើកពិធីបុណ្យនេះ៕

Share This Post: