PR

ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដាក់ពង្រាយបង្គោលអង់តែនថ្មីច្នៃពីកាបូនដំបូងគេបង្អស់នៅខេត្តសៀមរាប

BY
Khmernote Media
February 14, 2020

ភ្នំពេញ – ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០៖ ក្រុមហ៊ុន អ៊ីដតខូ ខេមបូឌា ដែលជាក្រុមហ៊ុនឈានមុខគេក្នុងការផ្តល់ជូនសេវាកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍នៅកម្ពុជា បានប្រកាសពីភាពជោគជ័យនៃការដាក់ពង្រាយបង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នៅខេត្តសៀមរាប ដែលសបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះការរចនា និងការច្នៃប្រឌិតនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាព។

លោក Phillip Wong នាយកប្រចាំតំបន់អាស៊ានប៉ែកខាងជើង (Asean North) នៃក្រុមហ៊ុន អ៊ីដតខូ គ្រុប បានមានប្រសាសន៍ថា « ខេត្តសៀមរាប គឺជាតំបន់ទេសចរណ៍ដ៏ល្បីល្បាញមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលត្រូវការបណ្តាញទំនាក់ទំនងគ្របដណ្តប់កាន់តែទូលំទូលាយ និងអាចទុកចិត្តបាន។ ការច្នៃប្រឌិតផ្នែកហេដ្ឋារចនាសម្ព័ន្ធកាបូនថ្មីនេះ វាពិតជាសមស្របខ្លាំងណាស់ទៅនឹងបរិបទនៃតម្រូវការជាក់ស្តែងមួយនេះ។ បង្គោលអង់តែនកាបូនថ្មីដំបូងគេបង្អស់នេះ ត្រូវបានសាងសង់ឡើងដោយផ្អែកលើគុណប្រយោជន៍សំខាន់ៗពីរយ៉ាងគឺ៖ ដើម្បីពង្រីកបណ្តាញទំនាក់ទំនងឲ្យបានកាន់តែទូលំទូលាយ និងប្រសើរជាងមុន និងកាត់បន្ថយផលប៉ះពាល់ចំពោះបរិស្ថានក្នុងសហគមន៍ ដែលឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តខ្ពស់របស់ អ៊ីដតខូ ចំពោះនិរន្តរភាព និងដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត។»

លោកបានបន្តថា «រចនាសម្ព័ន្ធថ្មីនេះ មានទម្ងន់ស្រាល ហើយត្រូវបានដំឡើងនៅលើដំបូលអាគារដែលមានកម្ពស់ប្រហែល១៥ ម៉ែត្រ។ រចនាសម្ព័ន្ធទាំងនេះ អាចដាក់ដំឡើងនៅលើដំបូលដោយមិនចាំបាច់បំពាក់ និងចងភ្ជាប់ទៅនឹងអាគារ ហើយមិនមានផលប៉ះពាល់ដល់អាគារដូចការដែលយើងប្រើប្រាស់នូវរចនាសម្ព័ន្ធធ្វើពីដែកនោះទេ។ វាអាចដំឡើងបានក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ហើយវាសមស្របទៅនឹងតម្រូវការនៃផែនការរៀបចំទីក្រុងទៀតផង។»

កាលពីឆ្នាំមុន ក្រុមហ៊ុនបានប្រកាសថា ខ្លួនបានកាត់បន្ថយការបំភាយកាបូនបានរហូតដល់ទៅ៥៤% ដែលសម្រេចបាននូវលទ្ធផលមួយឆ្នាំមុនគោលដៅរបស់ក្រុមហ៊ុន ហើយលើសផែនការដែលបានកម្រិតទុក ១៤% ។ ខណៈដែលប្រទេសនានានៅក្នុងពិភពលោក ជំរុញកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រេចបាននូវគោលដៅ ឌីជីថលរបស់ពួកគេ ហើយភាពចាំបាច់សម្រាប់ការតភ្ជាប់ទំនាក់ទំនងឲ្យកាន់តែប្រសើរមានការកើនឡើងគួរឲ្យកត់សម្គាល់នោះ តម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍រួមដែលមានភាពបត់បែន និងផ្តល់ផលប៉ះពាល់តិចតួចបំផុតចំពោះបរិស្ថានក៏កំពុងតែមានការកើនឡើងផងដែរ។ សម្រាប់ក្រុមហ៊ុន អ៊ីដតខូ និរន្តរភាពគឺជាគោលការណ៍គ្រឹះតែមួយគត់ដែលធ្វើឲ្យប្រតិបត្តិការអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុនមួយនេះកាន់តែទទួលបានជោគជ័យ ស្របពេលដែលក្រុមហ៊ុនបាននឹងកំពុងបំពេញបាននូវតម្រូវការហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដែលកំពុងតែមានកើនឡើងជាលំដាប់នេះ។

ជាមួយនឹងការយកចិត្តទុកដាក់ឥតឈប់ឈរលើវិស្វកម្មបៃតង ពោលគឺនិរន្តរភាពនៃបរិស្ថាន ក្រុមហ៊ុន អ៊ីដតខូគ្រុប បានដាក់ពង្រាយនូវហេដ្ឋារចនាសម្ព័ន្ធប្រកបដោយភាពច្នៃប្រឌិតជាច្រើន និងបានប្រើប្រាស់ថាមពលកកើតឡើងវិញយ៉ាងទូលំទូលាយផងដែរ។ រហូតមកដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនបានដាក់ពង្រាយរចនាសម្ព័ន្ធសរុបចំនួន ៣៥ ដែលត្រូវបានសាងសង់ពីសម្ភារថ្មីជំនួសប្រកបដោយភាពច្នៃប្រឌិត និងបំពាក់នៅតាមទីតាំងសរុបចំនួន ១៣៩៤ ទីតាំងជាមួយនឹងថាមពលកកើតឡើងវិញ៕

អំពីក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា)
ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) ជាក្រុមហ៊ុនឯករាជ្យមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣។ បច្ចុប្បន្ន ក្រុមហ៊ុន អ៊ីដតខូ (ខេមបូឌា) កំពុងពង្រីកប្រតិបត្តិការរបស់ខ្លួនបន្ថែមទៀត ហើយរហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុននេះ គ្រប់គ្រង និងប្រតិបត្តិការដោយផ្ទាល់លើបង្គោលអង់តែនចំនួន ៣៦០០ បង្គោល នៅទូទាំងប្រទេសកម្ពុជា៕

អំពីក្រុមហ៊ុន edotco Group
ក្រុមហ៊ុន edotco Group បានបង្កើតឡើងនៅក្នុងឆ្នាំ២០១២ គឺជាក្រុមហ៊ុនដែលផ្តល់សេវាកម្មរួមផ្នែក ហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ដំបូងគេនៅអាស៊ី។ ក្រុមហ៊ុន edotco Group ផ្តល់សេវាកម្ម និងដំណោះស្រាយតាំងពីចាប់ផ្តើមរហូតដល់បញ្ចប់លើសេវាកម្មហេដ្ឋារចនាសម្ព័ន្ធបណ្តាញទូរស័ព្ទរួមមាន៖ ការជួលបង្គោលអង់តែន ការសាងសង់បង្គោលអង់តែនថ្មី ការផ្គត់ផ្គង់ថាមពលអគ្គិសនី ការភ្ជាប់បណ្តាញសេវាទូរស័ព្ទ និងសេវាតំហែទាំលើស្ថានីយផ្សាយរបស់ក្រុមហ៊ុនទូរស័ព្ទ។

ក្រុមហ៊ុន អ៊ីដតខូ ដំណើរការ និងគ្រប់គ្រងផលបត្រលើបង្គោលអង់តែនទូរស័ព្ទក្នុងតំបន់ជាង ៣១ ៥០០ ប្រចាំទីផ្សារចម្បងៗ ក្នុងប្រទេសម៉ាឡេស៊ី មីយ៉ាន់ម៉ា បង់ក្លាដែស កម្ពុជា ស្រីលង្កា ប៉ាគីស្ថាន ឡាវ និងហ្វីលីពីន ដោយក្នុងនោះបង្គោលអង់តែនជាង ១៩ ៩៩១ ដំណើរការផ្ទាល់ដោយក្រុមហ៊ុន អ៊ីដតខូ និងជាង ១១ ៥២១ ផ្សេងទៀត ក្រុមហ៊ុន ផ្តល់សេវាគ្រប់គ្រងបង្គោលអង់តែន។ ក្រុមហ៊ុន អ៊ីដតខូ ខិតខំផ្តល់នូវលទ្ធផលជាទីគាប់ចិត្តក្នុងការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងដំណោះស្រាយ។ សេវាតម្លៃបន្ថែមរបស់ក្រុមហ៊ុននេះ ត្រូវបានគាំទ្រដោយសេវា echo ដែលជំរុញដល់ប្រសិទ្ធភាព ក្នុងការត្រួតពិនិត្យផ្នែកប្រតិបត្តិការនៅតាមស្ថានីយ ដូចជា ការប្រើប្រាស់អាគុយ ថាមពលអគ្គិសនី និងប្រេងឥន្ធនៈសម្រាប់ហេដ្ឋារចនា សម្ព័ន្ធទូរគមនាគមន៍។
ថ្មីៗនេះ ក្រុមហ៊ុន edotco Group ទទួលបានពានរង្វាន់ ក្រុមហ៊ុនទូរគមនាគមន៍ អាស៊ីប៉ាស៊ីហ្វិក ប្រចាំឆ្នាំ២០១៨ ពីស្ថាប័ន Frost & Sullivan (the Frost & Sullivan 2018 Southeast Asia Telecoms Tower Company) ។ ការទទួលបានរង្វាន់នេះ ជាសក្ខីភាពបញ្ជាក់ពីភាពលូតលាស់របស់ក្រុមហ៊ុន edotco Group ក្នុងតំបន់អាស៊ីអាគ្នេយ៍។
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖

អ៊ីដតខូ (ខេមបូឌា) ខូអិលធីឌី
អគារ Keystone Building #146, Unit 3AB មហាវិថីព្រះនរោត្តម សង្កាត់ ទន្លេបាសាក់ ខណ្ឌ ចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
ទូរស័ព្ទ: +855 10 209 999

 

Share This Post: