ព័ត៌មានជាតិ

អ្នកទេសចរម្នាក់លើនាវា Westerdam ស្ទើរស្រក់ទឹកភ្នែក ពេលទទួលបានក្រម៉ាជាកាដូ ហើយទទួលស្វាគមន៍យ៉ាងកក់ក្តៅថែមទៀតពីប្រទេសកម្ពុជា

BY
autoadmin
February 14, 2020

កាលពីព្រលប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នាវាទេសចរណ៍ Westerdam បានចូលមកដល់កំពង់ផែក្រុងព្រះសីហនុជាផ្លូវការ។ គួរឱ្យដឹងដែរថា នាវាទេសចរណ៍ខ្នាតយក្សមួយនេះជានាវា ហូឡង់-អាមេរិកាំង ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ហើយនាវាគឺមានផ្ទុកអ្នកដំណើរ និងនាវិកជាងចំនួនជាង ២,០០០នាក់។ មុនពេលដែលនាវានេះបានមកចតក្នុងប្រទេសកម្ពុជា វាត្រូវបានប្រទេស និងដែនកោះចំនួន ៦ ដូចជា៖ ហ្វីលីពីន កោះតៃវ៉ាន់ កូរ៉េខាងត្បូង ជប៉ុន ថៃ និងកោះហ្គាំ បានបដិសេធមិនឱ្យចូលចតនោះទេ ព្រោះថាពួកគេភ័យខ្លាចពីវីរុលកូរ៉ូណា COVID-19 ។

ការភ័យខ្លាចនេះក៏ព្រោះថា មាននាវាមួយផ្សេងទៀតដែលកំពុងចតនៅប្រទេសជប៉ុនឈ្មោះថា Diamond Princess មានការឆ្លងវីរុសកូរ៉ូណានេះ។ យ៉ាងណាក៏ដោយប្រទេសកម្ពុជាបានទទួលយកនាវានោះ ប៉ុន្តែមុនពេលដែលកម្ពុជាឱ្យនាវាចតនៅឯកំពង់ផែ កម្ពុជាបាននាំយកសំណាកអ្នកដែលមានបញ្ហាសុខភាពទៅធ្វើតេស្ដជាមុនសិន ទើបកម្ពុជាអាចអនុញ្ញាឱ្យមានការចូលចតនៅកំពង់ផែ។ ជាលទ្ធផលមិនមាននរណាម្នាក់មានផ្ទុកវីរុសនេះនោះទេ ហើយនាវាយក្សនោះអាចចុះចតបាន។

នៅពេលដែលមកដល់កំពង់ផែ គេឃើញថាអ្នកដំណើរនៅលើនាវាមានសេចក្ដីត្រេកអរយ៉ាងខ្លាំង ដោយមានការទះដៃ ហ៊ោ​កញ្រ្ជៀវ -ល- ព្រោះវាដូចជាការស្រោចស្រង់ពួកគេចេញពីក្ដីលំបាក។ របាយការណ៍ថ្មីៗក៏បានឱ្យដឹងដែរថា នាវាទេរសចរណ៍នេះថែមទាំងជិតដាច់ស្បៀងទៀតផង ដូច្នេះការជួយរបស់កម្ពុជាគឺប្រៀបដូចជាការជួយយ៉ាងធំធេងមួយ។ ស្របពេលជាមួយគ្នានេះដែរ មានអ្នកដំណើរម្នាក់បានបង្ហាញពីក្ដីរីករាយរបស់គាត់។

ដោយអ្នកទេសចរដែលមានគណនី Twitter ឈ្មោះថា Christina Kerby បានសរសើរដល់ទឹកចិត្តរបស់កម្ពុជា ហើយបានជ្រួលជ្រាបនូវការស្វាគមន៍យ៉ាងកក់ក្ដៅរបស់កម្ពុជា។ អ្នកនាង Christina Kerby បាននិយាយនៅក្នុង Twitter របស់គាត់ជាមួយនឹងរូបថតបង់កក្រម៉ាថា៖ «យើងកំពុងពាក់ក្រម៉ាបុរាណ ដែលជាអំណោយពីប្រទេសកម្ពុជា។ ខ្ញុំស្រក់ទឹកភ្នែក ព្រោះការបង្ហាញពីការគាំទ្ររបស់កម្ពុជាគឺលើសលប់»៕

អត្ថបទ៖ លីដា

Share This Post: