ព័ត៌មានជាតិ

ផ្អាកការធ្វើចរាចរណ៍ទាំងយានយន្ត និងថ្មើរជើងនៅមុខប្រាសាទអង្គរវត្ត ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ តទៅ ដោយសារមានការរៀបចំប្រព័ន្ធលូ និងកែលម្អផ្លូវ

BY
Khmernote Media
February 14, 2020

យោងតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរជាតិអប្សរាបានឲ្យដឹងថា ដើម្បីចូលរួមចំណែកធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍ ទេសភាព និងបរិស្ថាននៅបរិវេណមុខខាងលិចប្រាសាទអង្គរវត្ត មានភាពល្អប្រសើរ ព្រមទាំងលើកតម្លៃរមណីយដ្ឋានអង្គរ ដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរឲ្យកាន់តែល្បីល្បាញ និងសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរអប្សរានឹងចាប់ផ្តើមអនុវត្តគម្រោងរៀបចំប្រព័ន្ធរំដោះទឹកសងខាងផ្លូវ និងកែលម្អផ្លូវនៅមុខប្រាសាទអង្គរវត្ត ដែលមានប្រវែង២៩០ម៉ែត្រ ទទឹង៨ម៉ែត្រ ទៅ១៣ម៉ែត្រ ដោយមានការដាំស្មៅ ដើមឈើ និងរៀបចំសួនផងដែរ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ តទៅ។

ក្នុងន័យនេះអាជ្ញាធរជាតិអប្សរានឹងផ្អាកការធ្វើចរាចរណ៍ដោយថ្មើរជើង និងយានយន្តគ្រប់ប្រភេទនៅលើកំណាត់ផ្លូវនេះជាបណ្តោះអាសន្នរហូតដល់ការដ្ឋានបានបញ្ចប់ជាស្ថាពរ ដើម្បីធានាបាននូវសុវត្ថិភាពជូនសាធារណៈជន និងភ្ញៀវទេសចរណ៍។ ទន្ទឹមនឹងនោះ អាជ្ញាធរជាតិអប្សរានឹងរៀបចំឲ្យមានផ្លូវថ្មើរជើងប្រើប្រាស់ជំនួសវិញ ដែលស្ថិតនៅលើផ្លូវកៅស៊ូត្រង់ចំណុចចំណតរថយន្ត មកសួនក្រវ៉ាន់ ឆ្ពោះទៅស្ពានបណ្តែតទឹក៕

 អត្ថបទ៖ សេម

Share This Post: