រាត្រី១៤កុម្ភៈផុតបាន១ម៉ោង ស្រាប់តែភ្លើងឆេះផ្ទះអ្នកភូមិ ជាប់មនុស្សនិងក្មេងៗ ភិតភ័យមិនស្ទើទេ ទំរាំសមត្ថកិច្ចខណ្ឌឬស្សីកែវ ជួយសង្គ្រោះយកចេញបាន!
- February 15, 2020
រាជធានីភ្នំពេញ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋយ៉ាងសន្ធោរសន្ធៅ មានទាំងជាប់មនុស្សជាច្រើននាក់ ក្នុងនោះក៏មានក្មេងៗ បង្កការផ្អើលបងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ រាយការណ៍ប្រាប់អាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានខណ្ឌឬស្សីកែវ សហការជាមួយក្រុមពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់ និងជួយសង្គ្រោះមនុស្សដែលជាប់ក្នុងបន្ទប់ យកចេញមកក្រៅដោយសុវត្ថិភាព កាលពីវេលាម៉ោង០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះជួលមួយខ្នង សង់ពីឈើប្រក់ស័ង្កសី ដែលស្ថិតនៅជាប់អាគារសាលាបឋមសិក្សា ខ្មែរ-វៀតណាម(សាមគ្គី) ផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
សមត្ថកិច្ចមូលដ្ឋានខណ្ឌឬស្សីកែវ បានប្រាប់ឲ្យដឹងថា ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនោះ មានម្ចាស់ឈ្មោះ ហាក់ គឹមនី ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរនៅផ្ទះ មានទីលំនៅផ្ទះលេខ៥៣ច ផ្លូវលំ ក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដោយមានបន្ទប់ជួលស្នាក់នៅចំនួន ០៨បន្ទប់ (ស្មើនឹង ០៨គ្រួសារ) ។
យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញក្នុងផ្ទះកើតខាងលើ ហើយបងប្អូនអ្នកជិតខាងក៏ស្រែកសួរតគ្នា បង្កការភ្ញាក់ផ្អើលឆោឡោឡើង អ្នកខ្លះរត់ទៅរកបំពងពន្លត់អគ្គីភ័យយកមកជួយបាញ់ពន្លត់ អ្នកខ្លះទៀតទាក់ទងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាមន៍ផង ព្រោះមានភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ អណ្ដាតភ្លើងឆេះឡើងខ្មួលខ្មាញ់ ទោះបីយកបំពងពន្លត់អគ្គីភ័យ និងយកទឹកជះយ៉ាងណាក៏មិនអាចគ្រប់គ្រងស្ថានភាពបានទេដែរ ។
បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការនិងពន្លត់អគ្គីភ័យ រាជធានីភ្នំពេញ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់ និងទប់ស្កាត់មិនអោយឆេះរាលដាលបន្តទៀតឡើយ ហើយក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចូលទៅជួយសង្គ្រោះ មនុស្សយកចេញមកខាងក្រៅបានដោយសុវត្ថិភាព សរុបចំនួន ០៥នាក់ (ក្នុងនោះមានក្មេងចំនួន២នាក់ ១.ឈ្មោះ សុខ ចាន់សម្បត្តិ ភេទប្រុស អាយុ០៦ឆ្នាំ ២.ឈ្មោះ សុខ ចាន់អារីយ៉ា ភេទស្រី អាយុ០៤ឆ្នាំ) ។
ប្រតិបត្តិការពន្លត់អគ្គិភ័យនេះគេឃើញ មានរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ រហូតមកដល់បន្តបន្ទាប់គ្នា ចំនួន២៧គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន ១៨គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌឫស្សីកែវ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រ+ទីក្រុងជ្រោយចង្វារ ៧គ្រឿងទៀត បានមកដល់ដែរ តែពុំបានប្រើប្រាស់ទឹកទេ ដោយបានប្រើប្រាស់ទឹក អស់២០គ្រឿងខាងលើប៉ុណ្ណោះ ទើបភ្លើងរលត់ទៅវិញ។
ដោយបំផ្លាញផ្ទះមួយខ្នងមានបន្ទប់ជួលចំនួន៨បន្ទប់ខាងលើអស់ទាំងស្រុង ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ តែពុំបណ្ដាលឲ្យមានមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ ចំពោះមូលហេតុ សមត្ថកិច្ចបានអោយដឹងជាជំហានដំបូងថា បណ្ដាលមកពីឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង) អគ្គីភ័យនេះបានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង ០២ និង៣០នាទីថ្ងៃខែឆ្នាំដដែល ៕
អត្ថបទ&រូបភាព: បងម៉េង
- Share This Post: