ព័ត៌មានជាតិ

រាត្រី​១៤កុម្ភៈ​ផុតបាន១ម៉ោង​ ស្រាប់តែភ្លើងឆេះផ្ទះអ្នកភូមិ ជាប់មនុស្សនិងក្មេងៗ​ ភិត​ភ័យមិនស្ទើទេ​ ទំរាំសមត្ថកិច្ចខណ្ឌឬស្សីកែវ​ ជួយសង្គ្រោះ​យកចេញបាន​!

BY
Khmernote Media
February 15, 2020

រាជធានីភ្នំពេញ​ ៖ អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋ​យ៉ាងសន្ធោរសន្ធៅ​ មានទាំងជាប់មនុស្សជាច្រើននាក់ ក្នុងនោះក៏មានក្មេងៗ បង្កការផ្អើលបងប្អូនអ្នកជិតខាងភ័យស្លន់ស្លោ​ រាយការណ៍ប្រាប់អាជ្ញាធរ​ និងសមត្ថកិច្ចមូលដ្ឋាន​ខណ្ឌឬស្សីកែវ​ សហការជាមួយក្រុមពន្លត់អគ្គិភ័យ​ ចេញជួយអន្តរាគមន៍​បាញ់ពន្លត់ និងជួយសង្គ្រោះមនុស្សដែលជាប់ក្នុងបន្ទប់ យកចេញមកក្រៅដោយសុវត្ថិភាព កាលពីវេលាម៉ោង​០១:៥០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍​ ទី១៥ ខែកុម្ភៈ​ ឆ្នាំ​២០២០នេះ នៅចំណុចផ្ទះជួលមួយខ្នង សង់ពីឈើប្រក់​ស័ង្កសី​ ដែលស្ថិតនៅជាប់អាគារសាលាបឋមសិក្សា​ ខ្មែរ-វៀតណាម​(សាមគ្គី​) ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ​ រាជធានី​ភ្នំពេញ​ ។

សមត្ថកិច្ចមូលដ្ឋាន​ខណ្ឌឬស្សីកែវ​ បានប្រាប់ឲ្យដឹងថា​ ផ្ទះដែលត្រូវបានភ្លើងឆាបឆេះនោះ​ មានម្ចាស់ឈ្មោះ ហាក់​ គឹមនី​ ភេទស្រី​ អាយុ៦៦ឆ្នាំ​ មុខរបរនៅផ្ទះ​ មានទីលំនៅផ្ទះលេខ៥៣ច​ ផ្លូវលំ​ ក្រុមទី៤​ ភូមិសាមគ្គី​ សង្កាត់ឫស្សីកែវ​ ខណ្ឌឫស្សីកែវ រាជធានី​​ភ្នំពេញ​ ដោយមានបន្ទប់ជួលស្នាក់នៅចំនួន​ ០៨បន្ទប់​ (ស្មើនឹង​ ០៨គ្រួសារ) ។

យោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុ គេឃើញមានផ្សែងហុយចេញក្នុងផ្ទះកើតខាងលើ ហើយបងប្អូនអ្នកជិតខាងក៏ស្រែកសួរតគ្នា​ បង្កការភ្ញាក់ផ្អើលឆោឡោឡើង អ្នកខ្លះរត់ទៅរកបំពងពន្លត់អគ្គីភ័យយកមកជួយបាញ់ពន្លត់ អ្នកខ្លះទៀតទាក់ទងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ឲ្យជួយហៅរថយន្តពន្លត់អគ្គិភ័យមកជួយអន្តរាមន៍ផង ព្រោះមានភ្លើងកំពុងឆាបឆេះផ្ទះយ៉ាងសន្ធោរសន្ធៅ​ អណ្ដាតភ្លើងឆេះឡើងខ្មួលខ្មាញ់ ទោះបីយកបំពងពន្លត់អគ្គីភ័យ និងយកទឹកជះយ៉ាងណាក៏មិនអាចគ្រប់គ្រងស្ថានភាពបានទេដែរ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម​ លោក​វរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន នាយការិយាល័យ​ បង្ការនិងពន្លត់អគ្គីភ័យ​ រាជធានីភ្នំពេញ​ បានបញ្ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងទៅកន្លែងកើតហេតុ ដើម្បីជួយអន្តរាគមន៍បាញ់ពន្លត់​ និងទប់ស្កាត់មិនអោយឆេះរាលដាលបន្តទៀតឡើយ​ ហើយក្នុងកិច្ច​ប្រតិបត្តិ​ការនេះ​ កម្លាំងសមត្ថកិច្ចបានចូលទៅជួយសង្គ្រោះ មនុស្សយកចេញមកខាងក្រៅបានដោយសុវត្ថិភាព​ សរុបចំនួន​ ០៥នាក់​ (ក្នុងនោះមានក្មេង​ចំនួន២នាក់​ ១.ឈ្មោះ​ សុខ​ ចាន់សម្បត្តិ​ ភេទប្រុស​ អាយុ០៦ឆ្នាំ​ ២.ឈ្មោះ​ សុខ​ ចាន់អារីយ៉ា​ ភេទស្រី​ អាយុ០៤ឆ្នាំ) ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះគេឃើញ​ មានរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុ​ រហូតមកដល់បន្តបន្ទាប់គ្នា ចំនួន២៧គ្រឿង​​​ ក្នុងនោះរថយន្តពន្លត់អគ្គិភ័យ​របស់ការិយាល័យ​បង្ការនិងពន្លត់អគ្គិភ័យ​ រាជធានីភ្នំពេញ​ ចំនួន​ ១៨គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យ របស់សាលាខណ្ឌឫស្សីកែវ​ ចំនួន​ ០១គ្រឿង​ និងរថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ស្រាបៀរកម្ពុជា​ ចំនួន ០១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យ​របស់ក្រុមហ៊ុន​ OCIC ទីក្រុងកោះពេជ្រ​+ទីក្រុងជ្រោយចង្វារ​ ៧គ្រឿងទៀត បានមកដល់ដែរ​ តែពុំបានប្រើប្រាស់ទឹកទេ​ ដោយ​​បានប្រើប្រាស់ទឹក អស់២០គ្រឿងខាងលើប៉ុណ្ណោះ​ ទើបភ្លើងរលត់ទៅវិញ​។

ដោយបំផ្លាញផ្ទះមួយខ្នងមានបន្ទប់ជួលចំនួន៨បន្ទប់ខាងលើ​អស់ទាំងស្រុង​ ខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ​ តែពុំបណ្ដាលឲ្យមានមនុស្សរងរបួស​ ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ​ ចំពោះមូលហេតុ​ សមត្ថកិច្ចបានអោយដឹងជាជំហានដំបូងថា​ បណ្ដាលមកពី​ឆ្លងចរន្តអគ្គិសនី(ទុស្សេខ្សែភ្លើង​)​ អគ្គីភ័យនេះ​បានពន្លត់ចប់សព្វគ្រប់នៅវេលាម៉ោង​ ០២​ និង៣០នាទី​ថ្ងៃខែឆ្នាំដដែល​ ៕

 

អត្ថបទ&រូបភាព​: បងម៉េង​

Share This Post: