ព័ត៌មានជាតិ

កម្លាំងចម្រុះ ខណ្ឌមានជ័យ ចុះអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍លើផ្លូវ២៧១ នាយប់ថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់

BY
Khmernote Media
February 15, 2020

រាជធានីភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ បន្តចុះដាក់គោលដៅត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យ អាវុធជាតិផ្ទុះ គ្រឿងញៀន គ្រឿងស្រវឹង និងជាពិសេសកិច្ចការ ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ជូនបងប្អូន ប្រជាពលរដ្ឋ នាយប់ថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់ ត្រូវនឹងយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវ២៧១ មុខឃ្លាំងដែកក្រុមហ៊ុនវេតហ៊ួត ភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បើតាមមន្ត្រីអនុវត្ត ច្បាប់ចរាចរណ៍ ខណ្ឌមានជ័យ អោយដឹងថា ការដាក់គោលដៅរឹតបន្តឹង បញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់ សារធារណៈ នាយប់ថ្ងៃទិវាបុណ្យនៃក្ដីស្រលាញ់នេះ ធ្វើឡើងដោយមានការណែនាំពីលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងជាប្រធានគណៈបញ្ជាការឯកភាព ខណ្ឌ បានចាត់តាំងឲ្យលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះ ចុះគោលដៅត្រួតពិនិត្យខាងលើនេះ បានប្រើកម្លាំងសរុបជាង ៥៩នាក់ ក្នុងនោះមានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌមានជ័យចំនួន២៦នាក់ ដឹកនាំដោយអធិការរងចំនួន៣រូប មានលោកវរសេនីយ៍ត្រី ជឹម សុភ័ក្ភ្រ និងលោកអនុសេនីយ៍ឯក ឃុន រតនា និងវរសេនីយ៍ត្រី គីវ ភិវឌ្ឈន៍ បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចំនួន០៨នាក់ ព្រមទាំងកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌមានជ័យ និងកម្លាំងសាលាសង្កាត់សរុបចំនួន២៥នាក់ ដឹកនាំដោយលោក ឡេង ចន្ទសុភ័ត្រា ប្រធានសណ្ដាប់ធ្នាប់ខណ្ឌ និងលោក លី សីហា មន្ត្រីសាលាខណ្ឌមានជ័យ តំណាងដ៏ខ្ពង់ខ្ពស់ របស់លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ។

លទ្ធផលក្នុងការត្រួតពិនិត្យរួមមាន បានត្រួតពិនិត្យ រថយន្តឆ្លងកាត់ចំនួន ៤២ គ្រឿង។ ម៉ូតូឆ្លងកាត់ចំនួន ១២៤គ្រឿង ក្នុងនោះម៉ូតូចំនួន ៣៨គ្រឿង ដែលអ្នកបើកបរ មិនពាក់មួកសុវត្ថិភាព បានធ្វើការ បង់ផាកពិន័យ ចេញ វិក្កយបត្រ រួចរាល់ភ្លាមៗតែម្ដង។ ចំណែកឯអាវុធជាតិផ្ទុះ និងគ្រឿងញៀន ពុំមានឆ្លងកាត់គោលដៅត្រួតពិនិត្យនោះទេ ការត្រួតពិនិត្យបានបញ្ចប់នៅវេលាម៉ោង ២២:០០នាទី ថ្ងៃដដែល៕

អត្ថបទ៖ បងម៉េង

Share This Post: