ព័ត៌មានជាតិ

បើករថយន្ត ALPHARD ប្រដេញតាម បំបុកយុវជន២នាក់ជិះម៉ូតូឌុបគ្នា ដួលបោកក្បាលស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ មុខសាលាភូមិន្ទរដ្ឋបាល ហើយចោទថាយកដុំថ្មគប់រថយន្តរបស់ខ្លួន

BY
Khmernote Media
February 15, 2020

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិតគួរអោយអាសូរ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីជិះម៉ូតូឌុបគ្នាក្នុងល្បឿនលឿន ស្រាប់តែត្រូវបានរថយន្តស៊េរីទំនើប ALPHARD មួយគ្រឿងទៀត បើកប្រដេញតាម បំបុកពីក្រោយបណ្ដាលឲ្យដួលអូសនឹងថ្នល់ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើង នៅវេលាម៉ោងប្រមាណជាង០១រំលងអធ្រាត្រ ឈានចូលថ្ងៃសៅរិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅត្រង់ចំណុចផ្លូវបំបែកជាបី លើផ្លូវ៤៦៦ កែងផ្លូវ៦៣ មុខសាលាភូមិន្ទរដ្ឋបាល ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

សមត្ថកិច្ចនគរបាលខណ្ឌចំការមន បានអោយដឹងថា អ្នកបើករថយន្តបង្កមានឈ្មោះ យិន សាវឿន ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបើកបររថយន្ត ស្នាក់នៅបន្ទប់ជួល ម្តុំចោមចៅខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិត្រពាំងស្លា ឃុំព្រះនិពាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើករថយន្តម៉ាក អាល់ផាត (ALPHARD) ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខភ្នំពេញ 2BB-5573 បើកបរតែម្នាក់ឯង។ ជនរងគ្រោះដែលស្លាប់មានឈ្មោះ គីម ឡេង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរជួយលក់គុយទាវ និងមីគីឡូជាមួយម្តាយ នៅផ្ទះគ្មានលេខ នៅម្ដុំច្រាំងបាក់ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ភ្នំពេញ ជាអ្នកអង្គុយពីក្រោយ ។ ចំណែកយុវជនម្នាក់ទៀតបានរងរបួសធ្ងន់ មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ជាអ្នកបើកម៉ូតូ ម៉ាកហុងដាប៊ិត (Honda Beat) ពណ៌ក្រហមលាយស ពាក់ស្លាកលេខភ្នំពេញ 1HA-2009 ។

តាមសម្ដីតៃកុងឡានបង្កដែលបានប្រាប់ឲ្យដឹងថា ដំបូងឡើយរូបគាត់ បានបើករថយន្ត តាមបណ្ដោយផ្លូវព្រះនរោត្តមកែងផ្លូវ ៣២២ ស្រាប់តែមានយុវជន២នាក់ គប់រថយន្តរបស់គាត់ គាត់ក៏បានដេញតាម តាំងពីផ្លូវនរោត្ដមរហូតមកដល់ផ្លូវ ៦៣ ទិសដៅពីជើងមកត្បូង រហូតដល់ផ្លូវ៤៦៦ មុខសាលាភូមិន្ទរដ្ឋបាល ក៏បានជ្រុលបុកម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ បាក់ជើងបាក់ដៃ និងបោកក្បាលនឹងថ្នល់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះ ។ ក្រោយមកគេឃើញសមត្ថកិច្ចមូលដ្ឋានចុះមកដល់ រួចបានឃាត់ខ្លួនតៃកុងឡាន យកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន ដើម្បីរង់ចាំប្រគល់ឲ្យជំនាញផ្នែកព្រហ្មទណ្ឌ។ បច្ចុប្បន្នក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ និងខណ្ឌ បានរាយការណ៍ប្រគល់ឲ្យសមត្ថកិច្ចជំនាញចរាចរណ៍ក្រុង ចុះមកពិនិត្យមើល និងសួរនាំ រួចប្រាប់ថា នេះជាករណីដេញបុកសម្លាប់ ដូច្នេះហើយជាបទល្មើសព្រហ្មទណ្ឌ រួចចរាចរណ៍ក្រុងបាន ប្រគល់ទៅឲ្យផ្នែកព្រហ្មទណ្ឌ ចំណែកសាកសព ត្រូវក្រុមគ្រួសារដឹកយកទៅតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅវត្តច្បារអំពៅ ខណ្ឌច្បារអំពៅ៕

អត្ថបទ៖ បងម៉េង

Share This Post: