ព័ត៌មានជាតិ

ឧកញ៉ា ឌួង ឆាយ សួរយោបល់ថា គួរលើកលែងឲ្យ ឬ អនុវត្តន៍តាមច្បាប់? គ្រាន់តែថ្លៃធ្វើឡានអស់ 14 ម៉ឺនដុល្លារជាងហើយ

BY
Khmernote Media
February 16, 2020

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើកបំពានភ្លើងស្តុបក្រហម​ ហើយអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។

ក្រោយកើតមានបុរសបើករថយន្តកាមេរីបានលុតជង្គង់សំពះសុំទោសលោកឧកញ៉ា​ ឌួង​ ឆាយ​ ព្រមទទួលស្គាល់កំហុសរបស់ខ្លួនផងដែរ ដើម្បីឲ្យលោកឧកញ៉ាលើកលែងទោស ​ប៉ុន្តែដោយសារតែអ្នកបើករថយន្តកាមេរីហាយប្រីតនេះ​ បើកបរទាំងបំពានភ្លើងស្តុបចរាចរណ៍​ ទើបបានជាមកបុករថយន្តរបស់គាត់​ ដូច្នេះហើយលោកមិនព្រមលើកលែងអោយ​ទេ និងខឹងយ៉ាងខ្លាំងទៀត។

នៅមុននេះបន្តិច លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីស្ទង់មតិមហាជនថា តើលោកគួរតែលើកលែងទោស ឬក៏អនុវត្តតាមច្បាប់ ចំពោះបុរសដែលបើកបុករថយន្តរបស់លោក? មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាក៏បានបង្ហាញពី តម្លៃទិញសំភារៈរថយន្ត Rolls Royce របស់លោក ដែលត្រូវផ្លាស់ប្តូរថ្មី ដែលមានតម្លៃរហូតដល់ទៅប្រមាណ ១៤១ ៥០៤ដុល្លារ ដោយតម្លៃទាំងនេះមិនទាន់គិតថ្លៃជួសជុល និងតម្លើងបាញ់ថ្នាំឡើយ៕

Share This Post: