ព័ត៌មានជាតិ

ក្រោយដឹងតម្លៃជួសជុលរថយន្ត Rolls Royce របស់លោកឧកញ៉ា ឌួង ឆាយ អស់ជាង១៤ម៉ឺនដុល្លារ ខាងភាគីបង្កបានបង្ហោះវីដេអូលើកដៃសំពះសុំឲ្យលោកឧកញ៉ាលើកលែងទោស ព្រោះខ្លួនជាកូនកសិករ រកមួយថ្ងៃរស់មួយថ្ងៃ ហើយឪពុកក៏ឈឺទៀត គ្មានលទ្ធភាពសងឡើយ

BY
Khmernote Media
February 17, 2020

រាជធានីភ្នំពេញ៖ កាលពីវេលាម៉ោងជាង១រំលងអាធ្រាត្រ​ ឈានចូលថ្ងៃព្រហស្បត្តិ៍ ទី១៣ ខែកុម្ភៈ​ ឆ្នាំ២០២០ កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តស៊េរីទំនើប​តម្លៃខ្ទង់លានដុល្លារ​ ម៉ាក Rolls Royce ពណ៌ស អត់មានស្លាកលេខ របស់លោកឧញ្ញា ឌួង ឆាយ​ ខណៈពេលកំពុងបើកឆ្លងស្តុប BS ទៅត្រង់ ស្រាប់តែត្រូវបានរថយន្តកាមេរីហាយប្រ៊ីត បើកបរដោយបុរសម្នាក់ និងនារីម្នាក់ទៀតរួមដំណើរជាមួយ បើកបំពានភ្លើងស្តុបក្រហម​ ហើយអកហ្សឺចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំទ្វារខាងស្តាំរថយន្ត Rolls Royce បណ្តាលឲ្យរងការខូចខាតអស់មួយចំហៀងយ៉ាងដំណំតែម្តង។

ទាក់ទងនឹងគ្រោះថ្នាក់ចរាចរណ៍នេះ លោកឧកញ៉ា ឌួង ឆាយ បានបង្ហោះនៅលើគណនីហ្វេសប៊ុករបស់ខ្លួន ដើម្បីស្ទង់មតិមហាជនថា តើលោកគួរតែលើកលែងទោស ឬក៏អនុវត្តតាមច្បាប់ ចំពោះបុរសដែលបើកបុករថយន្តរបស់លោក? មិនត្រឹមតែប៉ុណ្ណោះ លោកឧកញ៉ាក៏បានបង្ហាញពី តម្លៃទិញសំភារៈរថយន្ត Rolls Royce របស់លោក ដែលត្រូវផ្លាស់ប្តូរថ្មី ដែលមានតម្លៃរហូតដល់ទៅប្រមាណ ១៤១ ៥០៤ដុល្លារ ដោយតម្លៃទាំងនេះមិនទាន់គិតថ្លៃជួសជុល និងតម្លើងបាញ់ថ្នាំឡើយ។

ដោយឡែកខាងបុរស ដែលជាជនបង្កវិញ បានបង្ហោះសារសុំឲ្យលោក ឧកញ៉ា ឌួង ឆាយ លើកលែងទោសឲ្យ ដោយបុរសរូបនោះនិយាយថា ខ្លួនជាកូនអ្នកកសិករ រកមួយថ្ងៃរស់មួយថ្ងៃ ហើយឪពុកឈឺថែមទៀត មិនមានលទ្ធផលសងរថយន្តរបស់លោកឧកញ៉ាឡើយ។ ម្ចាស់គណនីហ្វេសប៊ុក Bou Vanny បានឲ្យដឹងថា “សូមគោរពជំរាបសួរពុកម៉ែបងប្អូនជាទីស្រលាញ់  ហើយក៏សូមគោរពដល់ លោកឧកញ៉ា ឌួងឆាយ ជាទីគោរពដ៏ខ្ពង់ខ្ពស់ សូមលោកឧកញ៉ា មេត្តាអនុគ្រោះ នឹងលើកលែងនូវទោសកំហុស គ្រោះថ្នាក់រវាងរថយន្តខ្ញុំបាទ នឹង រថយន្តរបស់លោកឧកញ៉ា ដោយអចេតនានេះផង ដោយសារតែការធ្វេសប្រហែស របស់ខ្ញុំបាទ មិនបានគោរពនៅភ្លើងសញ្ញាទើបបណ្តាលក្លាយជាបែបនេះ !សូមលោកឧកញ៉ាសណ្តោសប្រោសប្រណី ដល់រូបខ្ញុំម្នាក់នេះផងតើអោយខ្ញុំមានលទ្ធភាពឯណាចំពោះការចេញជួសជុសរថយន្តរបស់លោកឧកញ៉ា តម្លៃរាប់មុឺនដុល្លា បើ ខ្ញុំជាកូនកសិកមួយរូបរកបានមួយថ្ងៃរស់មួយថ្ងៃនឹង ថែមទាំងលោកឳពុក ក៏ឈឺថែមទៀតនៅពេល តើអោយខ្ញុំរំពឹងអ្វីបើមានរឿងបែបនេះទៅហើយសូមអាណិតអាសូរដល់គ្រួសារខ្ញុំបាទផង”៕

Share This Post: