ព័ត៌មានជាតិ

អភិបាលខេត្តសៀមរាប កោតសរសើរ និងអរគុណ ចំពោះសកម្មភាពចុះស្តាលូ ប៉ុន្តែក៏ផ្តាំផ្ញើឲ្យគិតគូរពីសុខភាព ព្រោះចុះទៅក្នុងទឹកលូ​កខ្វក់គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់

BY
Khmernote Media
February 17, 2020

កាលពីពេលថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមនូវសកម្មភាពគួរឲ្យកោតសរសើរដោយមានមនុស្សប្រុសស្រីមួយក្រុម ដែលជាបុគ្គលិក សហគ្រាសម៉ាដាម​ ឃ្លីន​ បានចុះកាយប្រមូលសម្រាមផ្ទាល់នៅក្នុងទឹកលូផ្ទាល់ នៅស្វាយដង្គំ ខេត្តសៀមរាប។ សកម្មភាពបែបនេះធ្វើឲ្យមហាជនកោតសរសើរជាខ្លាំង ក្នុងនោះផងដែរក៏មានការព្រួយបារម្ភចំពោះសុខភាពដោយពួកគេបានចុះទៅកាយប្រមូលសម្រាមនៅក្នុងទឹកលូផ្ទាល់។

ដោយនៅព្រឹកថ្ងៃទី១៧ ខែកុម្ភះ ឆ្នាំ២០២០ លោក នួន​ ពុទ្ធា​រ៉ា​ អភិបាលក្រុងសៀមរាប​ និងអាជ្ញាធរសង្កាត់ស្វាយដង្គំ បានអញ្ជើញជួបសំណេះសំណាលជាមួយគណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម​ ឃ្លីន​ បន្ទាប់ពីបានឃើញនូវសកម្មភាព ចូលរួមកិច្ចការងារសង្គម​ តាមរយៈធ្វើការប្រមូលសំរាម ចេញពីក្នុង​ ប្រពន្ធ័​លូបង្ហូរទឹកស្អុយ ក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប​ កាលពីថ្ងៃទី១៤ ខែកុម្ភះឆ្នាំ២០២០កន្លងទៅ ។

ក្នុងឪកាសជួបសំណេះសំណាលនេះដែរ លោកអភិបាលក្រុងសៀមរាប​ ក៏បា​នពាំនាំមតិរបស់ ឯកឧត្តមទៀ​ សីហា​ អភិបាលខេត្តសៀមរាប ថ្លែងកោតសរសើរ និងអរគុណ ចំពោះទឹកចិត្តចូលរួមថែរក្សាបរិស្ថាន របស់គណៈគ្រប់គ្រង និងបុគ្គលិក សហគ្រាសម៉ាដាម​ ឃ្លីន​ ដែលនេះជាមូលដ្ឋានគ្រឹះ ក៏ជាវប្បធម៌ចូលរួមសាមគ្គីជាកំលាំងដើម្បីអភិវឌ្ឍក្រុងរបស់យើងរួមគ្នា​។ ប៉ុន្តែឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើអោយធ្វើការ​ណែនាំ​ គិតគូអំពីបញ្ហា​ សុវត្ថិភាព​ និងសុខភាពរបស់​បុគ្គលិក ក្រុមហ៊ុន​ ក៏ដូចជាប្រជាពលរដ្ឋផ្សេងទៀតផងដែរ។ ​ ព្រោះការចុះ ទៅក្នុងទឹក​កខ្វក់បែបនេះ គឺមានហានិភ័យចំពោះសុខភាពខ្លាំងណាស់​ ព្រោះឯកឧត្តមអភិបាលខេត្ត បានចាត់ទុកបញ្ហាសុខភាព និងសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋ​ ជាកត្តាសំខាន់ជាងអ្វីៗទាំងអស់។

លោកអភិបាលក្រុងសៀមរាប​ ក៏បានណែនាំ អាជ្ញាធរមូលដ្ឋាន ទាំងអស់អោយបន្តស្វាគមន៍ចំពោះ​ ការចូលរួមគ្រប់សកម្មភាព និងបំណងរបស់បងប្អូនប្រជាពលរដ្ឋ តែហាមដាច់ខាតនូវរាល់កិច្ចការណាដែលមានហានិភ័យ​ ដែលអាចបង្កគ្រោះថ្នាក់ទាំងសុវត្ថិភាព និងសុខភាពរបស់ប្រជាពលរដ្ឋ ជាក់ស្តែងដូចជាការចុះបារសំរាមតាមលូទឹកកខ្វក់នេះ។ លោកអភិបាលក្រុងក៏បានណែនាំអោយអាជ្ញាធរមូលដ្ឋាន កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលទទួលខុសត្រូវលើបញ្ហាបរិស្ថាន ត្រូវបង្កើនការ​ទទួលខុសត្រូវ​ នូវរាល់កិច្ចការរបស់ខ្លួន ហើយ​ ត្រូវណែនាំនិងហាម បងប្អូនប្រជាពលរដ្ឋ កុំអោយប្រថុយប្រថានធ្វើការងារណាដែលមានហានិភ័យ បែបនេះទៀតដាច់ខាត​ និង ត្រូវរៀបចំផែនការណ៍​ ថែរក្សា បរិស្ថាន​ក្នុងមូលដ្ឋាន​របស់ខ្លួន​ អោយបានច្បាស់លាស់ ទាំងពេលវេលា និងសម្ភារៈប្រើប្រាស់ ដែលច្បាស់ប្រាកដថាគ្មានហានិភ័យដល់សុខភាព ហើយផ្សព្វផ្សាយ​ និងស្វាគមន៍រាល់បណ្តា​រ​ សហគ្រាស​ ក្នុងវិស័យឯកជន ដែលមានបំណង ស្មគ្រ័ចិត្តចូលរួម​ ដើម្បី​ រួមគ្នាធ្វើគ្រប់បែបយ៉ាង​ ដើម្បីអោយក្រុងសៀមរាបយើង កាន់តែមាន សោភ័ណភាពអនាម័យ​ និងបរិស្ថាន​ល្អ​ផងដែរ៕

ប្រភព៖ យុវជនប្រតិកម្មរហ័សរដ្ឋបាលក្រុងសៀមរាប

Share This Post: