ព័ត៌មានជាតិ

ចាប់ពីខែកុម្ភៈនេះ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះពិនិត្យការប្រកាសបង់ពន្ធ ព្រឹកនេះសាខាពន្ធដារខណ្ឌមានជ័យ សហការជាមួយសមត្ថកិច្ចខណ្ឌមានជ័យ ចុះត្រួតពិនិត្យលេីផ្លូវជាតិលេខ២

BY
Khmernote Media
February 17, 2020

ភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថាចាប់ពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០តទៅ ខ្លួននឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ចាប់ផ្តើមចុះត្រួតពិនិត្យការប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩ នៅតាមគោលដៅមួយចំនួនលើកំណាត់ផ្លូវសំខាន់ៗនៃរាជធានី-ខេត្ត។ អគ្គនាយកដ្ឋានពន្ធដារបញ្ជាក់ថា ក្នុងករណីម្ចាស់យានយន្តខកខាន មិនបានប្រកាសបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ប្រចាំឆ្នាំ២០១៩កន្លងទៅ សូមមេត្តារួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធ និងបង់ប្រាក់ផាកពិន័យតាមច្បាប់ជាធរមាន នៅអគ្គនាយកដ្ឋានពន្ធដារ ឬនៅតាមសាខាពន្ធដារខេត្ត-ខណ្ឌ ឬនៅសាខាធនាគារកាណាឌីយ៉ា ក.អ ឬទៅសាខាធនាគារអេស៊ីលីដា ភីអិលស៊ី ឬនៅសាខាធនាគារវឌ្ឍនៈ ឬនៅសាខាធនាគារកម្ពុជាសាធារណៈ។

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សាខាពន្ធដារ ខណ្ឌមានជ័យ សហការជាមួយ កម្លាំងអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ និងកម្លាំង កងរាជអាវុធហត្ថខណ្ឌមានជ័យ បានចុះដាក់គោលដៅមុខសាលាសង្កាត់ចាក់អង្រែក្រោម លេីផ្លូវជាតិលេខ២ ភូមិទទួលរកា១ សង្កាត់ ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទ ដែលមិនទាន់បង់ពន្ធក្នុងមូលដ្ឋានខណ្ឌមានជ័យ។ ជាលទ្ធផលក្នុងការត្រួតពិនិត្យមានដូចខាងក្រោម ៖ បានឃាត់រថយន្តត្រួតពិនិត្យជាច្រេីនគ្រឿង ក្នុងនោះមានរថយន្តដែលឃាត់អោយបង់ពន្ធចំនួន ០៥ គ្រឿង និងយានយន្តមិនទាន់បង់ពន្ធប្រាក់ចំនួន ០០គ្រឿង ទឹកប្រាក់សរុបចំនួន ២,៦៦០,០០០ រៀល ។

អគ្គនាយកដ្ឋានពន្ធដារ មានក្តីសង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ម្ចាស់យានយន្តទាំងអស់ នឹងយកចិត្តទុកដាក់គោរពកាតព្វកិច្ចសារពើពន្ធ និងរួសរាន់អញ្ជើញទៅប្រកាសបង់ពន្ធបានគ្រប់ៗគ្នា និងបានទាន់ពេលវេលា ស្របតាមបទប្បញ្ញត្តិនៃច្បាប់ ដើម្បីចៀសវាងនូវក្រុមការងារចម្រុះ រួមសហការជាមួយអាជ្ញាធរ មានសមត្ថកិច្ចថ្នាក់ក្រោមជាតិ ធ្វើការឃាត់យានយន្តតាមដងផ្លូវតម្រូវឱ្យបង់ពន្ធ ដែលនាំឱ្យខកខានពេលវេលា និងកកស្ទះចរាចរណ៍ ធ្វើដំណើរ ដែលអាចកើតមាននូវបាតុភាពអសកម្ម ដោយប្រការណាមួយជាយថាហេតុ៕

អត្ថបទ៖ បងម៉េង

Share This Post: