ជនដៃដល់ដែលជា មន្ត្រីយោធា បាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន និងមន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្ដិ៍ ៤ បាញ់សម្លាប់ DJ ចាក់ភ្លេងម្នាក់ស្លាប់លើតុ សមត្ថកិច្ចនៅតែមិនទាន់ចាប់បាន
- February 17, 2020
ករណីឃាតកម្មដ៏សាហាវដែលបង្កឡើងដោយយុវជនម្នាក់ជាមន្ត្រីយោធា បានធ្វើការបាញ់សម្លាប់គូដណ្តឹងរបស់ខ្លួន បណ្តាលអោយស្លាប់ពេលបញ្ជូនទៅកាន់មន្ទីពេទ្យ។ ជនដៃដល់ជាឃាតករ មានឈ្មោះថា យឺន វណ្ណដេត អាយុប្រមាណ៣០ឆ្នាំ ជានាយទាហានអង្គភាព ង៧០ មានឋាន្តរសក្តិវរសេនីយត្រី នៅបន្តរស់នៅក្រៅសំណាញ់ច្បាប់នៅឡើយ ដោយសមត្ថកិច្ចមិនទាន់ចាប់បាននោះទេ។ គួរបញ្ជាក់ថា ករណីបាញ់គូរដណ្តឹងរបស់ខ្លួនស្លាប់ កើតឡើងដោយសារតែភ្លើងប្រច័ណ្ឌនេះកើតឡើងនៅយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដែលមានទីតាំងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។
ករណីមួយទៀតគឺខ្មាន់កាំភ្លើង ដែលបាញ់សម្លាប់ DJ ចាក់ភ្លេង ស្លាប់លើតុកាលពីថ្ងៃទី០៩ ខែមករា កន្លងទៅនេះ ត្រូវបានកម្លាំងសមត្ថកិច្ចកំណត់អត្តសញ្ញាណបាន ខណៈដែលព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបញ្ជាអោយចូលខ្លួនផងដែរ។ ជនសង្ស័យឈ្មោះ ដួង មុនីរដ្ឋ អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល ត្រូវកំណត់ឲ្យបង្ហាញខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញអោយបានមុនថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២០។ ជនដៃដល់បាញ់សម្លាប់ Dj ហូ មិនា គឺជាមន្ត្រីកងរាជអាវុធហត្ថ ពាក់ស័ក្ដិ៍ ៤ ឈ្មោះ ដួង មុន្នីរដ្ឋ ពេលនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបញ្ជូនដីកាទៅគ្រប់ច្រកព្រំដែនទូទាំងប្រទេសដេីម្បីតាមចាប់ជនដៃដល់រូបនេះមកផ្ដន្ទាទោសតាមច្បាប់ ប៉ុន្តែរហូតដល់ពេលនេះមិនទាន់ចាប់ខ្លួនបាននៅឡើយ។
- Share This Post: