ព័ត៌មានជាតិ

ខ្លោចចិត្ត! លោកតាប្រកបរបរធាក់ស៊ីក្លូម្នាក់ ត្រូវរថយន្តបុកពីក្រោយអូសរាប់សិបម៉ែត្រស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កបើករត់បាត់

BY
Khmernote Media
February 18, 2020

រាជធានីភ្នំពេញ ៖ បុរសចំណាស់អាយុជិត៨០ឆ្នាំហើយ ដែលតែងតែប្រកបរបរធាក់ស៊ីក្លូផង រើសអេតចាយ ចិញ្ចឹមជីវិតប្រចាំថ្ងៃផង បានទទួលមរណៈភាពហើយ ខណៈពេលគាត់កំពុងធាក់ស៊ីក្លូ ដឹកសំបកកំប៉ុង និងដឹកស្ត្រីម្នាក់ធ្វើដំណើរឆ្លងផ្លូវ ស្រាប់តែត្រូវបានរថយន្ត(មិនចាំម៉ាក) បើកលឿនស្លេវទៅបុកពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីដែលជិះខាងមុខ ខ្ទាតដួលរបួសរលាត់ដៃរលាត់ជើង ចំណែកស៊ីក្លូខ្ទាតក្រឡាប់រាយប៉ាយ កំប៉ុងអេតចាយពេញផ្លូវ រីឯរថយន្តបើកអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ រហូតខ្ទាតចេញពីក្រោមរថយន្តស្លាប់យ៉ាងអាណោចអាធ័មហើយបើករត់បាត់ស្រមោល។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើតាមសម្ដីស្ត្រីរងគ្រោះជាអ្នកជិះស៊ីក្លូរបស់បុរសរងគ្រោះបានរៀបរាប់ប្រាប់អោយដឹងថា នៅមុនពេលកើតហេតុ រូបនាងបានដើរតាមផ្លូវ បំណងមកអង្គុយក្រោមដើមពោធិ៍ក្បែរកន្លែងកើតហេតុ ខណៈពេលកំពុងដើរមកដល់ម្ដុំសួនមុខវត្តបុទុម ក៏ជួបជាមួយបុរសរងគ្រោះដែលកំពុងធាក់ស៊ីក្លូដើររើសសំរាម ហើយបុរសរងគ្រោះក៏បានសួរនាងថា ទៅណាមកណា យប់ហើយដើរតែឯង នាងប្រាប់ថាដើរទៅសម្រាកនៅក្រោមដើមពោធិ៍ (ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ ) ហើយបុរសចំណាស់នោះក៏ចិត្តល្អទៀត បានហៅរូបនាង ជិះជាមួយគាត់តែម្ដងទៅ ណាមួយគាត់ធាក់ស៊ីក្លូទៅតាមនោះដែរ ហើយផ្លូវទៅតែមួយទេដោយកំពុងនឿយហត់ផងក៏ឡើងជិះស៊ីក្លូខាងមុខតែម្ដង។

ស្ត្រីខាងលើបន្តទៀតថា ពេលធាក់ស៊ីក្លូបណ្ដើរបុរសរងគ្រោះ ក៏បានសួរនាំរូបនាងបណ្ដើរ លុះមកដល់ចំណុចកើតហេតុ បុរសរងគ្រោះ បានលើកដៃខាងឆ្វេង ហើយធាក់ស៊ីក្លូឆ្លងផ្លូវមកខាងឆ្វេង បានពាក់កណ្ដាលផ្លូវ ស្រាប់តែត្រូវបានរថយន្តមួយគ្រឿង ដែលសាក្សីដែលឃើញប្រាប់នាងថា ម៉ាកអាព្រុស ពណ៍ស (មិនចាំស្លាកលេខ) បើកយ៉ាងលឿនស្លេវស្របទិសមកពីក្រោយ មកបុកចំស៊ីក្លូពេញទំហឹង បណ្ដាលឲ្យរូបនាងដែលជាអ្នកជិះខាងមុខ ខ្ទាតទៅលើថ្នល់ ដួលរបួស រលាត់ដៃរលាត់ជើង ចំណែកស៊ីក្លូ ខ្ទាតក្រឡាប់រាយប៉ាយកំប៉ុងអេតចាយពេញផ្លូវ រងការខូចខាតយ៉ាងដំណំ ចំណែកបុរសរងគ្រោះជាអ្នកធាក់ស៊ីក្លូ ខ្ទាតប្លោងទៅខាងមុខរថយន្ត ភ្លាមនោះរថយន្តបង្ក មិនព្រមឈប់ឡើយ បានបន្ថែមល្បឿនបើកទៅមុខអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ ទើបខ្ទាតរមៀលចេញពីរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កក៏បើកបន្តដំណើររត់បាត់ស្រមោល បន្សល់ទុកសពបុរសរងគ្រោះស្លាប់កណ្ដាលផ្លូវ គួរឲ្យអាសូរ។
សពបុរសរងគ្រោះឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ មានស្រុកកំណើត នៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល ត្រូវបានសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានខណ្ឌដូនពេញ ចុះមកធ្វើកំណត់ហេតុ ប្រគល់អោយលោក អ៉ឹម សម្បត្តិ ប្រធានសមាគមន៍ស៊ីក្លូ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯស៊ីក្លូដែលរងការខូតខាតនោះ សមត្ថកិច្ចបានធ្វើការវាស់វែង យកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីរងការស្រាវជ្រាវ រករថយន្តបង្កមកដោះស្រាយតាមផ្លូវច្បាប់។ ជាមួយគ្នានេះ មហាជនសូមអំពាវនាវ ដល់សមត្ថកិច្ចខណ្ឌដូនពេញ ជួយស្រាវជ្រាវរករថយន្តបង្ក អោយអស់ពីសមត្ថភាពផង ដើម្បីអោយជនរងគ្រោះស្លាប់ទៅបិទភ្នែកជិតផងចុះ៕

Share This Post: