ព័ត៌មានជាតិ

បើកឡានក្នុងល្បឿនលឿន ជ្រុលទៅបុកម៉ូតូពីក្រោយបណ្តាលឲ្យស្ត្រីម្នាក់ដួលរងរបួស ហើយចុងក្រោយបើកគេចវេះបាត់មិនទទួលខុសត្រូវ

BY
Khmernote Media
February 18, 2020

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ រថយន្ត Mercedez Benz CLS550 ស៊េរីទំនើបមួយគ្រឿង បើកបរដោយនារីរូបស្រស់វ័យក្មេង ២នាក់ ក្នុងល្បឿនលឿន បានជ្រុលទៅបុកពីក្រោយម៉ូតូ Zoomer X មួយគ្រឿងរបស់ស្ត្រីម្នាក់ ទើបចេញពីធ្វើការក្នុងផ្សារទំនើបអ៉ីអនទី១ បណ្ដាលឲ្យដួលរងរបួសធ្ងន់ ហើយព្រមឈប់ដោះស្រាយទេ បានព្យាយាមបើករថយន្តរត់គេចពីកន្លែងកើតហេតុ ចូលទៅក្លឹបកម្សាន្តមួយកន្លែង ប៉ុន្តែក៏ត្រូវបានប្រជាពលរដ្ឋឃើញ រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ចឃាត់បានមកវិញ តែចុងក្រោយរថយន្តបង្ក នៅតែគេចវេះបាត់ មិនទទួលខុសត្រូវដដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១០:២០នាទីយប់ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវសបិទ កែងផ្លូវថ្មី (ក្រោយស្ថានទូតរុស្ស៊ី ) ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

បើយោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីម្នាក់ បើកម៉ូតូមួយគ្រឿង ម៉ាកហុងដា Zoomer-X ពណ៌សលាយក្រហម ពាក់ស្លាកលេខកំពង់ធំមួយ 1I-2959 ទើបចេញពីធ្វើការក្នុងផ្សារទំនើបអ៉ីអនទី១ដោយដំណើរតាមបណ្ដោយផ្លូវសបិទទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុក្រោយស្ថានទូតរុស្ស៊ីផ្លូវបំបែកជាបួនក៏ស្រាប់តែមាននារីរូបស្រស់វ័យក្មេង២នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក ម៉ាកសឺដេស ប៊ែន (Mercedes Benz CLS550) ពណ៌សពាក់ស្លាកលេខភ្នំពេញ 2AE-1983 បានបោះពួយយ៉ាងលឿនមកពីក្រោយ មិនប្រយ័ត្ន ចាប់ប្រាំងមិនទាន់ ក៏ជ្រុលទៅបុកម៉ូតូរបស់ស្ត្រីរងគ្រោះចំពីក្រោយពេញទំហឹង បណ្ដាលឲ្យស្ត្រីរងគ្រោះដួលរងរបួសធ្ងន់ ត្រូវបានបងប្អូនប្រជាពលរដ្ឋ នៅក្បែរនោះ ជួយសង្គ្រោះបឋម ហើយជួយទាក់ទង រថយន្តគិលានសង្គ្រោះគ្លីនិកឯកជន មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

ប្រភពបន្តថា រថយន្តបង្កដែលបើកបរដោយនារីរូបស្រស់វ័យក្មេងរូបស្រស់ខាងលើ នៅពេលដែលបង្កគ្រោះថ្នាក់រួចហើយនោះ មិនបានឈប់ដោះស្រាយ ឬក៏ទទួលខុសត្រូវនៅកន្លែងកើតហេតុនោះទេ គឺព្យាយាមបើក គេចចូលទៅចំណតរថយន្តក្លឹបកម្សាន្តមួយកន្លែងយីហោ DOS ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមនដដែល ប៉ុន្តែត្រូវបានបងប្អូនប្រជាពលរដ្ឋប្រទះឃើញ រួចក៏ហៅកម្លាំងកងរាជអាវុធហត្ថខណ្ឌចំការមន ឱ្យចុះមកជួយឃាត់បានទាំងរថយន្ត ទាំងអ្នកបើកបរផងដែរ ។

តែយ៉ាងណាមិញក្រោយពេលកើតហេតុគេឃើញមានខាងតំណាងភាគីខាងម៉ូតូ និងតំណាងភាគីខាងរថយន្តបង្កបានមកធ្វើការសម្របសម្រួលគ្នា ដោយមិនឱ្យសមត្ថកិច្ចចូលរួមជាមួយនោះទេ ដោយខាងរថយន្តបង្ក ប្រញាប់ប្រញាល់ បើករថយន្ដទៅសម្របសម្រួលគ្នាជាមួយនឹងជនរងគ្រោះនៅមន្ទីរពេទ្យដោយផ្ទាល់ ដើម្បីបញ្ចប់រឿង និងដើម្បីគេចមុខពីក្រុមអ្នកសារព័ត៌មានផងដែរ តែនៅពេលទៅដល់មន្ទីរពេទ្យ នារីរូបស្រស់ ដែលជាអ្នកបើករថយន្ត និយាយមិនត្រូវគ្នាជាមួយភាគីជនរងគ្រោះនោះទេ។

ក្រោយមកដោយសារតែចំណាយពេលយូរហើយ និយាយគ្នាមិនត្រូវ ស្រាប់តែនារីដែលជាអ្នកបើកបររថយន្តបង្ក ឡើងអង្គុយក្នុងរថយន្តចុចទូរស័ព្ទ បានមួយសន្ទុះក៏បើករថយន្តចេញទៅបាត់តែម្ដង ដោយមិនបានចេញសំណងអ្វីទៅអោយជនរងគ្រោះសោះឡើយ ៕

អត្ថបទ៖បងម៉េង

Share This Post: