ព័ត៌មានជាតិ

សប្បាយចិត្តណាស់! អភិបាលស្រុកវ័យក្មេងចេញមុខជួយមិនដល់២ថ្ងៃស្រួលបួលផង ត្រសក់ផ្អែមរបស់កសិករស្រុកបន្ទាយស្រីលក់អស់គ្មានសល់

BY
Khmernote Media
February 19, 2020

សៀមរាប៖ សហគមន៍កសិករបន្ទាយស្រីលក់ត្រសក់ផ្អែម បានបញ្ចប់ដោយជោគជ័យមុនផែនការគ្រោងទុក នេះបើយោងតាមការបញ្ជាក់របស់ លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ដោយត្រសក់ផ្អែមទាំងអស់នៅក្នុងចំការទាំងមូលត្រូវបានទិញនិងកក់ទុករួចអស់ហើយ។ លោកបានឲ្យដឹងថាគម្រោងកម្មវិធីផ្សព្វផ្សាយលក់ដោយផ្ទាល់នៅផ្សារហេរីថេក ដំបូងឡើងគ្រោងទុកថានឹងលក់រហូតដល់ថ្ងៃទី២៦កុម្ភៈ ប៉ុន្តែក៏បញ្ចប់នៅថ្ងៃទី១៨ ខែកុម្ភៈ ដោយសារតែតម្រូវការដ៏ច្រើនលើសលុបនិងគួរអោយស្មានមិនដល់នេះ។

លោក ឃឹម ហ្វីណង់ បានថ្លែងការដឹងគុណដ៏ស្មោះអស់ពីចិត្ត ចំពោះសាធារណៈជនទាំងអស់ដែលបានចូលរួមជួយទិញត្រសក់ផ្អែមក្នុងពេលលំបាកមួយនេះ។ ដោយសារតែមានការខ្នះខ្នែងចូលរួមជួយពីសំណាក់បងប្អូនប្រជាពលរដ្ឋមកពីគ្រប់ទិសទីយ៉ាងផុសផុលបែបនេះហើយ ទើបបញ្ហាទាំងមូលអាចដោះស្រាយបានត្រឹមតែក្នុងរយៈពេលមិនដល់២ថ្ងៃស្រួលបួលផង ។ លោកថានេះជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃវប្បធម៌ចេះជួយគ្នានៅក្នុងស្រុកបន្ទាយស្រី ត្រូវបានបង្កើតឡើងត្រឹមតែក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។ បើទោះជាវាគ្រាន់តែជាបញ្ហាមួយតូចតាចក៏ដោយ តែវាបានឆ្លុះបញ្ចាំងពីសណ្តានចិត្តដ៏ធំទូលាយ ដែលប្រជាកសិករស្រុកបន្ទាយស្រីនឹងចងចាំការចូលរួមជួយស្រោចស្រង់ក្នុងគ្រាអាសន្នមួយនេះ ហើយសង្ឃឹមថាស្មារតីរួមសាមគ្គីគ្នានឹងបន្តមាននៅក្នុងបេះខ្មែរគ្រប់ៗរូប។

លោកបានសង្កត់ធ្ងន់ថា៖ “បញ្ហាកសិកម្ម ជាទូទៅគឺជារឿងធំហើយស្មុគស្មាញ រួមទាំងមានបញ្ហាប្រឈមនិងមានភាពខុសប្លែកគ្នាពីតំបន់មួយទៅតំបន់មួយ ហើយក៏មិនអាចនឹងងាយដោះស្រាយភ្លាមៗដូចករណីនេះដែរ។ ដំណោះស្រាយលើកនេះគឺគ្រាន់តែជាដំណោះស្រាយបណ្តោះអាសន្ន ដែលសមស្របនឹងប្រភេទបញ្ហាដែលមានចរឹតបណ្តោះអាសន្នបែបនេះ។ យើងនៅសេសសល់បញ្ហារ៊ាំរ៉ៃនិងសុីជម្រៅជាច្រើនទៀតនៅក្នុងវិស័យកសិកម្ម ដែលទាមទារអោយមានដំណោះស្រាយយូរអង្វែងនិងដំណោះស្រាយបែបយុទ្ធសាស្ត្រទូលំទូលាយទ្រង់ទ្រាយធំ។ តែខ្ញុំជឿជាក់ថា បើយើងទាំងអស់គ្នានាំគ្នាចូលរួមជួយដោះស្រាយ នៅតំបន់ណាជួយគ្នាដោះនៅតំបន់នោះ បូករួមផ្សំនឹងការខិតខំរបស់រាជរដ្ឋាភិបាលក្នុងកម្រិតគោលនយោបាយបន្ថែមទៀត នោះយើងនឹងអាចមើលឃើញពន្លឺថ្មីពីវិស័យកសិកម្មនេះបាន”៕

ប្រភព៖ លោក ឃឹម ហ្វីណង់

Share This Post: