ព័ត៌មានជាតិ

គេចខ្លួនបាត់៣ថ្ងៃ ត្រូវកម្លាំងអាវុធហត្ថចាប់ខ្លួនបាន ក្រោយពីលួចទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងហាងលក់ទូរស័ព្ទ ហើយយកទៅលក់បានលុយចាយខ្ទេច

BY
Khmernote Media
February 20, 2020

រាជធានីភ្នំពេញ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការស្រាវជ្រាវចាប់ឃាត់ខ្លួន ជនសង្ស័យម្នាក់ ប្រគល់អោយសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការសាកសួរ ចម្លើយ និងកសាងសុំណំរឿង បញ្ជូនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃចំនួន២គ្រឿង ក្នុងហាង លក់ទូរស័ព្ទដៃយីហោ ម៉ាលី ហើយយកទៅលក់បានលុយចាយខ្ទេច។

ហេតុការណ៍នេះបានកើតឡើង នៅចំណុចក្នុងហាងលក់ទូរស័ព្ទដៃមួយយីហោ ម៉ាលី នៅចំណុចផ្លូវមុនីរ៉េត(ផ្លូវ២១៧) ស្ថិតក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ តែអស់លក្ខណ៍ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវចាប់ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។

បើតាមរបាយការណ៍របស់សមត្ថកិច្ច អាវុធហត្ថបានអោយដឹងថា ជនសង្ស័យឈ្មោះ ឃិន ហាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ ដែលបានធ្វើសកម្មភាពបន្លំចូលលួចទូរស័ព្ទក្នុងហាងលក់ទូរស័ព្ទដៃមួយកន្លែងយីហោ ម៉ាលី នៅចំណុចផ្លូវមុនីរ៉េត ស្ថិតក្នុងភូមិត្នោត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង០២:០០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេច ០២គ្រឿង ម៉ាក Oppo Reno 2F ពណ៍ស លាយខៀវ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនបានហើយ កាលពីវេលាម៉ោង០៨:០០នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុច ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្រោយពេលឃាត់ខ្លួនបាន ជនសង្ស័យខាងលើ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចអាវុធហត្ថបានដឹងថា រូបគេពិតជាបានធ្វើសកម្មភាព បន្លំចូលលួចទូរស័ព្ទដៃ នៅចំណុច ខាងលើនោះ ពិតប្រាកដមែន ហើយយកទៅលក់បានប្រាក់ ៤៥០ដុល្លាអាមេរិក។
ដោយនៅព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានកសាងសុំណុំរឿងបញ្ជូនជនសង្ស័យខាងលើ ទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់ ក្រោយពីធ្វើការសួរនាំរួច៕

កែសម្រួលដោយ៖ បងម៉េង

Share This Post: