ព័ត៌មានជាតិ

ម៉ូតូរាប់សិបគ្រឿង ត្រូវបានសមត្ថកិច្ចចម្រុះខណ្ឌច្បារអំពៅ ឃាត់ទាំងយប់ ព្រោះអ្នកបើកបរមិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់

BY
Khmernote Media
February 20, 2020

រាជធានីភ្នំពេញ ៖ កម្លាំងចម្រុះ គណៈបញ្ជាការឯកភាព ខណ្ឌច្បារអំពៅ បានដាក់គោលដៅចុះប្រតិបត្តិការអនុវត្តច្បាប់ចរាចរណ៍ លើអ្នកបើកបរម៉ូតូ ឬម៉ូតូកង់បី អត់ពាក់មួកសុវត្ថិភាព ដោយធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងទៀត ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់ រួចធ្វើការអប់រំណែនាំ ប៉ុណ្ណោះ ហើយអនុញាតិអោយយកម៉ូតូត្រលប់ទៅផ្ទះវិញ ។ ការអនុវត្តរឹតបន្តឹង ច្បាប់ចរាចរណ៍ នេះ ធ្វើឡើងកាលវេលាម៉ោង០៨:៣០នាទីយប់ ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចជិតធនាគារកាណាឌីយ៉ា ផ្លូវជាតិលេខ១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

មន្ត្រីអនុវត្តច្បាប់ខណ្ឌច្បារអំពៅ បានថ្លែងប្រាប់ថា នៅវេលាម៉ោងខាងលើ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅ ដឹកនាំដោយលោក ហ៊ត គឹមនី អភិបាលរងខណ្ឌ បានបន្តចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ គ្រឿងញៀន និងអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីបង្កាទប់ស្កាត់បទល្មើសជាប្រចាំ នៅតាមដងផ្លូវនានាក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង ឲ្យមានប្រសិទ្ធភាព ដើម្បីកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ផង និងដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកដំណើរនៅពេលយប់ព្រលប់ និយាយរួមគឺបងប្អូនប្រជាជនដែលធ្វើដំណើរតាមមធ្យោបាយនានា ឆ្លងកាត់ទឹកដីខណ្ឌច្បារអំពៅ ចេញចូលមករាជធានីភ្នំពេញ ឲ្យពួកគាត់មានសុវត្ថិភាព និងបានយល់ពីច្បាប់ចរាចរណ៍ផ្លូវគោក តម្រូវឲ្យអ្នកបើកបរនិងអ្នករួមដំណើរតាមម៉ូតូ ត្រូវពាក់មួកសុវត្ថិភាព និងដាក់កញ្ចក់មើលក្រោយ ហើយម៉ូតូត្រូវតែពាក់ស្លាកលេខ ចំណែកឯឡានត្រូវពាក់ខ្សែក្រវ៉ាត់ផងដែរ ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន។

ជាលទ្ធផល ធ្វើការឃាត់ម៉ូតូជាច្រើនគ្រឿងទៀត ព្រោះម្ចាស់មិនពាក់មួកការពារសុវត្ថិភាព និងមិនដាក់កញ្ចក់ រួចធ្វើការណែនាំអោយពាក់មួកសុវត្ថិភាពអោយបានត្រឹមត្រូវទាំងអស់គ្នា ដើម្បីការពារជីវិតយើងទាំងអស់គ្នា មិនមែនការពារ សមត្ថកិច្ចចាប់ឃាត់ផាកពិន័យនោះទេ ហើយការឃាត់នេះ មិនមានការបង់ផាកពិន័យអ្វីឡើយ គ្រាន់តែអាជ្ញាធរខណ្ឌ ធ្វើការអប់រំណែនាំ ប៉ុណ្ណោះ ហើយអនុញាតិអោយយកម៉ូតូត្រលប់ទៅផ្ទះវិញ ៕

អត្ថបទ៖ បងម៉េង

Share This Post: