ព័ត៌មានជាតិ

ឡង់គ្រីស័រ បើកបុកជាមួយ កាម៉ារីបាឡែន នៅផ្លូវបំបែកជាបួន បណ្តាលឱ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ

BY
Khmernote Media
February 20, 2020

រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត ឡង់គ្រីស័រ មួយគ្រឿង ពាក់ស្លាកលេខនគរបាល បើកបុកជាមួយរថយន្តកាម៉ារីបាឡែន នៅផ្លូវបំបែកជាបួន បណ្តាលឱ្យទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះទេ ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងផ្លូវសុកហុក(ផ្លូវ១០៧) ស្ថិតក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករានៅវេលាម៉ោង០៣:២៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្លូវបំបែកជាបួន លើផ្លូវ២៤២ កែង រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសមិនស្គាល់ អត្តសញ្ញាណ ម្នាក់ បើករថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៍ស្លែរ ពាក់ស្លាកលេខនគរបាល 2-1251 បានធ្វើដំណើរតាមផ្លូវ១០៥ ពីក្នុងទិសដៅពីលិចមកកើត ខណៈពេលដល់ចំណុចផ្លូវបំបែកជាបួនកើតហេតុខាងលើ មិនបានបន្ថយល្បឿន ស្រាប់តែមានរថយន្តមួយគ្រឿងទៀត ម៉ាកកាម៉ារីបាឡែន ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AM-3136 បើកបរដោយមនុស្សប្រុសស្រីមួយក្រុម ដោយធ្វើដំណើរតាមផ្លូវ២៤២ ក្នុងទិសដៅពីជើងទៅត្បូង ឆ្លងកាត់ ផ្លូវបំបែកជាបួន ក្នុងល្បឿនលឿន ទើបធ្វើឲ្យរថយន្ត ឡង់គ្រីស័រ បុកចំកង់មុខខាងស្ដាំពេញទំហឹងតែម្ដង បណ្ដាលឲ្យរថយន្តទាំងពីរគ្រឿង រងការខូចខាតយ៉ាងដំណំដូចគ្នា តែមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះទេ គ្រាន់តែដំបូងឡើយភាគីទាំងសងខាង ចរចារគ្នាមិនត្រូវ ទើបមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមូលដ្ឋានចុះត្រួតពិនិត្យមើលផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចអោយភាគីទាំងសងខាងដោះស្រាយគ្នាមួយជំហានសិន ដោយភាគីទាំងសងខាង ក៏បានចរចារគ្នាត្រូវ និងយល់ព្រមបញ្ចប់រឿងត្រឹមហ្នឹង ដោយយករថយន្តយកទៅជួសជុលរៀងៗខ្លួន មិនរំខានដល់សមត្ថកិច្ចជំនាញ ចុះមកវាស់វែងទេ៕

អត្ថបទ៖ បងម៉េង

Share This Post: