ព័ត៌មានជាតិ

កូនប្រុសអនុប្រធានគុកខេត្តកណ្ដាល ជាមុខសញ្ញាចែកចាយគ្រឿងញៀន និងបក្ខពួក ត្រូវក្រុមស្រមោចប៉ូលិសក្រុងតាខ្មៅ បង្ក្រាបបាន

BY
Khmernote Media
February 20, 2020

ខេត្តកណ្តាល ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ដែលគេស្គាល់ជាកូនប្រុសរបស់អនុប្រធានពន្ធនាគារខេត្តកណ្តាល ជាមុខសញ្ញាចែកចាយគ្រឿងញឿន ដ៏សកម្មប្រចាំក្រុងតាខ្មៅនោះ ត្រូវបានកម្លាំងពិសេសរបស់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ រហ័សនាម “ក្រុមស្រមោច” សហការជាមួយកម្លាំងផ្នែកគ្រឿងញៀនក្រុងតាខ្មៅ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី ធ្វើការឃាត់ខ្លួនបាន រួមនឹងថ្នាំញៀនមួយចំនួនធំ។ ការចុះបង្ក្រាបនេះ ធ្វើឡើងនៅវេលាម៉ោង១យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចផ្ទះសំណាក់ឈ្មោះបែសថាន្នី ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យទី១ ឈ្មោះ នីម ម៉ានិត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជានិស្សិត រស់នៅភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលគេស្គាល់ថាជាកូនអនុប្រធានពន្ធនាគារខេត្តកណ្តាល ទី២ឈ្មោះទួត សុវណ្ណពិសិដ្ផ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅស្ទឹងជ្រៅ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល និង ទី៣ឈ្មោះ ហង់ ស្រីការ ភេទស្រី អាយុ២៥ឆ្នាំ មុខរបរបម្រើការងារក្នុងខារ៉ាអូខេស្នាក់នៅផ្ទះជួលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

វត្ថុតាងចាប់យក រួមមាន ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន ម៉ាទឹកកក ចំនួន៣កញ្ចប់ ធំ តូច និង ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀនចំនួនមួយនិងថង់សម្រាប់វេចច្ចប់មួយចំនួន ទូរស័ព្ទ១គ្រឿងម៉ាកNOKIAអិនចុចពិល ដែកកេះចំនួន៣ ជញ្ជីងសម្រាប់ថ្លឹងចំនួន១ ម៉ូតូ១គ្រឿង ម៉ាក Suzuki nexពណ៌ទឹកក្រូចពាក់ផ្លាកលេខ 1HQ-4031 លុយចំនួន៤៩,០០០រៀល និង កាបូបដៃសម្រាប់ដាក់ថ្នាំញៀនចំនួន១។

លោកវរសេនីយ៍ត្រី ឃុត សុធា អធិការរងទទួលផែនគ្រឿងញៀននៃអធិការនគរបាលក្រុងតាខ្មៅ បានប្រាប់ថា មុនពេលកើតហេតុកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនក្រុងតាខ្មៅ បានសហការជាមួយកម្លាំងព្រហ្មទណ្ឌ រហ័សនាម ក្រុមស្រមោច និងប៉ុស្តិ៍រដ្ឋបាលព្រែកឫស្សី បានចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ តាមបណ្តាយផ្លូវជាតិលេខ២។ ពេលមកដល់ចំណុចមុខសាលាបែលធី ភូមិក្រពើហា សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏ជួបនឹងជនសង្ស័យឈ្មោះនីម ម៉ានិត ក៏ហៅឈប់ឆែកឆេររកឃើញថ្នាំញៀនចំនួន១កញ្ចប់តូចក៏នាំមកអធិការដ្ឋានក្រុងតាខ្មៅដើម្បីសួរនាំតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះនីម ម៉ានិត បានឆ្លើយសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានមកពីឈ្មោះទួត សុវណ្ណពិសិដ្ផ ដែលកំពុងស្នាក់នៅក្នុងបន្ទប់១១០ ផ្ទះសំណាក់ឈ្មោះបែសថាន្នី នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ភ្លាមៗលោកបានដឹកនាំកម្លាំងផ្ទាល់ចុះទៅដល់បន្ទប់១១០ ដោយមានការសហការពីម្ចាស់ផ្ទះសំណាក់ក៏ចូលឆែកឆេររកឃើញថ្នាំញៀនចំនួន២កញ្ចប់ធំ និងឃាត់ខ្លួនឈ្មោះ ទួត សុវណ្ណពិសិដ្ឋ នឹងឈ្មោះ ហង់ ស្រីកា បញ្ជូនមកកាន់អធិការនគរបាលក្រុងតាខ្មៅតែម្តង។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ទួត សុវណ្ណពិសិដ្ផបានសារភាពថាថ្នាំញៀននេះពិតជារបស់ខ្លួនដែលបានទិញពីបុរសម្នាក់ដែលមិនស្គាល់ឈ្មោះនៅម្តុំក្តាន់ពីរនៅភ្នំពេញក្នុងតម្លៃ៥០០ដុល្លាដើម្បីលក់បន្ត។ ចំពោះជនសង្ស័យ ព្រមទាំវត្ថុតាងត្រូវបានយកមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

ដោយ៖ បងម៉េង

Share This Post: