ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ក្រោយធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់

BY
Khmernote Media
February 21, 2020

បន្ទាយមានជ័យ៖ ក្រោយពីទទួលបានពាក្យបណ្ដឹងលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានដឹកនាំកម្លាំង ចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន០៣នាក់ ពាក់ព័ន្ធនឹងករណីហិង្សាចេតនា (​យក​កាំបិត​​កាប់​បណ្តាល​ឲ្យ​របួស​)​ នៅវេលាម៉ោង២០និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខុសៗគ្នា ក្នុងក្រុងប៉ោយប៉ែត និងដកហូតវត្ថុតាងកាំបិតចំនួន០២ដើម ហើយបានបញ្ជូនមកបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសាកសួរ។

ជនសង្ស័យទាំង៣នាក់ ១/ឈ្មោះ សេង គីមម៉េង ភេទប្រុស អាយុ១៥ឆ្នាំ រស់នៅភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ២/ឈ្មោះ ពៅ សុខអាន ភេទប្រុស អាយុ១៧ឆ្នាំ និង៣/ឈ្មោះ លន់ ពីទីលីហួរ ភេទប្រុស អាយុ១៦ឆ្នាំ អ្នកទាំង០២នាក់ រស់នៅភូមិក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកទាំង៣ បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ ផល សុភា បណ្ដាលឱ្យរងរបួសធ្ងន់ពិតប្រាកដមែន កាលពីវេលាម៉ោង១៧ និង០០នាទី ថ្ងៃទី១៨ ខែកុម្ភៈឆ្នាំ២០២០។

ក្រោយពីកម្លាំងជំនាញសាកសួរចម្លើយរួច បច្ចុប្បន្ន ជនសង្ស័យទាំង០៣នាក់ រួមទាំងវត្ថុតាង(កាំបិត) ត្រូវបានកម្លាំងបទល្មើសព្រហ្មទណ្ឌកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីហើយ៕

ប្រភព៖ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

Share This Post: