ព័ត៌មានជាតិ

ចង់ចេះបើកឡានក៏ឡើងបើកឡានកូរ៉េ ស្ទុះបុកទម្លុះរបងហោះរំលងខឿន ទៅបុកស្ត្រីម្នាក់របួសធ្ងន់ និងបុកចូលផ្ទះលក់គ្រឿងអគ្គិសនីខ្ទេច

BY
Khmernote Media
February 22, 2020

រាជធានីភ្នំពេញ ៖ ពិតជាធ្វេសប្រហែសណាស់ កម្មករកាប់ជ្រូកម្នាក់ មិនចេះបើករថយន្តផង ក៏ឡើងទៅបើករថយន្ត ក៏ជ្រុលទៅបុកទម្លុះទ្វារកន្លែងកាប់ជ្រូក រួចក៏ហោះឆ្លងសួនពុះចែកទ្រូងផ្លូវ ជ្រុលបុកចូលផ្ទះលក់គ្រឿងអគ្គិសនី បណ្ដាលឲ្យរងខាងខូចខាតសម្ភារៈមួយចំនួនធំ សរុបជាលុយអស់ជាង៤ពាន់ដុល្លារ និងបណ្ដាលឱ្យស្ត្រីម្នាក់ កំពុងដើរឆ្លងផ្លូវ បានរងរបួសធ្ងន់ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង០៩:១៥នាទីព្រឹក ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ នៅទីតាំងកាប់ជ្រូក(សត្វឃាតភូមិដំណាក់ធំ) ផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។

អ្នកបើកបររថយន្តមានឈ្មោះ វែន ឃុន អាយុ៤០ឆ្នាំ មុខរបរកាប់ជ្រូក ស្នាក់នៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅភូមិជ្រុងពពេល ឃុំមរាម ស្រុកមាសហែក ខេត្តស្វាយរៀង។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីម្នាក់បានដើរយូរកន្ត្រកទៅផ្សារ ដើរលើចិញ្ចើមផ្លូវវេងស្រេងក្នុងទិសដៅពីកើតមកលិចស្របពេលនោះក៏មានបុរសជាកម្មករកាប់ជ្រូកបានបើករថយន្តម៉ាកកូរ៉េ ពណ៌សពាក់ស្លាកលេខ 2AB-9171 បើកបុកទម្លុះទ្វារបង និងបុកស្ត្រីបណ្តាលឲ្យរបួសធ្ងន់ ហើយរថយន្តក៏បានហោះឆ្លងសួនពុះចែកទ្រូងផ្លូវទៅជ្រុលទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីមួយនៅកន្លែងកើតហេតុ បណ្ដាលឱ្យរកការខូចខាតសម្ភារៈសរុបទាំងអស់ជាង ៤ពាន់ដុល្លារ ។

ភ្លាមៗនោះកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យទី៣ ដឹកនាំដោយលោក ឯម ភារី មេប៉ុស្តិ៍ បានចុះមកជួយសម្រួលចរាចរណ៍ និងហៅរថយន្តរបស់មន្ទីរពេទ្យសួគ៍ា បានដឹកស្ត្រីរងគ្រោះយកសង្គ្រោះភ្លាមៗ រីឯអ្នកបើកបររថយន្តដែលមិនចេះបេីកនោះ ត្រូវបានប្រជាពលរដ្ឋចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី៣ នាំយកទៅធ្វើការសាកសួរ។

នៅចំពោះមុខសមត្ថកិច្ច បុរសជាកម្មករកាប់ជ្រូកខាងលើ បានប្រាប់ឲ្យដឹងថា រូបគាត់ចង់ចេះបើករថយន្តខ្លាំងពេក ហើយពេលខ្លះក៏ធ្លាប់បានតៃកុងរថយន្តបង្រៀនបើកខ្លះៗដែរ ហើយដល់ពេលគាត់ឡើងទៅបើកតែម្នាក់ឯង មិនដឹងថាជាន់ហ្រ្វាំង ឬក៏ជាន់ហ្គែទេ ស្រាប់តែឡានស្ទុះទៅមុខ ជ្រុលទៅបុកទម្លុះរបងហើយបុកទាំងស្ត្រីម្នាក់កំពុងដើរឆ្លងផ្លូវ បណ្ដាលឲ្យរងរបួស រួចឡើងខឿនពុះចែកផ្លូវ ទៅបុកចូលផ្ទះលក់គ្រឿងអគ្គិសនីតែម្ដងទៅ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ៣ សហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ បានចុះទៅវាស់វែង និងអូសរថយន្តបង្ក យកមករក្សាទុកបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ៕

អត្ថបទ៖ បងម៉េង

Share This Post: