ព័ត៌មានជាតិ

៥ម៉ោង កម្លាំងនគរបាលខណ្ឌចំការមន បំបែកសំណុំរឿង វាយប្លន់ម៉ូតូបានសម្រេច ក្របួចជនសង្ស័យវ័យក្មេង៦នាក់

BY
Khmernote Media
February 22, 2020

នៅយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ កម្លាំងនគរបាលខណ្ឌចំការមន ធ្វើការស្រាវជ្រាវរហូតឈានដល់បង្ក្រាបបានទាំង៦នាក់ បន្ទាប់ពីធ្វើសកម្មភាពវាយប្លន់ យកម៉ូតូពីជនរងគ្រោះ នៅចំណុចមុខការ៉ាសសាំង ភីធីធី (PTT) ក្បាលថ្នល់ ផ្លូវនរោត្តម ដែលស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីម៉ោង២២:៥៤នាទីយប់ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ បានសម្រេចហើយជិះគេចខ្លួន រួចយកតែគ្រឿងម៉ូតូទៅដាក់បញ្ចាំបានលុយតិចតួច ចូលដេកផ្ទះ សំណាក់៣៤២ លើផ្លូវ២៧១ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ប៉ុន្មានម៉ោងក្រោយមកកម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋានខណ្ឌចំការមន បានធ្វើការស្រាវជ្រាវ ដោយសហការជាមួយម្ចាស់ផ្ទះសំណាក់ខាងលើ រួចឆ្មក់ចូលឃាត់ខ្លួនបានបន្តបន្ទាប់។

ប្រតិបត្តិការឃាត់​ខ្លួនជនសង្ស័យទាំង​ ០៦នាក់នេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញពី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។ លោកវរសេនីយ៍ឯក យិន​ សាន​ អធិការ​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ បានឲ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងជំនាញ​ និង​ប៉ុស្តិ៍​របស់លោកបង្ក្រាបបាន​មាន​ ១.​ឈ្មោះ​ ចន្ថា​ វិច្ឆិកា​ ភេទប្រុស​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​ ២.​ឈ្មោះ​ សេីរ​ ចាន់ដារ៉ា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​ ៣.​ឈ្មោះ​​ សេីរ​ ចាន់កក្កដា​ ភេទប្រុស ជាតិ​ខ្មែរ​ មុខរបរគ្មាន​ ៤.​ឈ្មោះ​ ទូច​ ឃួន​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​ ៥.​ឈ្មោះ​ សុខា​ វិរៈបុត្រ​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរអ្នកចាក់សាក់​ និង ៦​.​ឈ្មោះ​ នង​ រតនា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។

ដកហូតវត្ថុតាងរួមមាន​ ១.​ម៉ូតូ​ ០១គ្រឿង​ ​ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ សេរី២០២០​ ពាក់ស្លាកលេខ​ កណ្តាល1AH-9763 (របស់ជនរគ្រោះ​ ) ២.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ ពាកលស្លាកលេខ​ កំពង់ចាម1D-9549 ​៣.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ចាម1T-1445 និង ៤.​ម៉ូតូ​០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​អ៊ុតស្កុតពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HI-5954។ បន្ទាប់ពីបញ្ចប់ការសួរនាំ និងផ្អែកតាមចម្លើយសារភាព កម្លាំងជំនាញ​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ឌ បានកសាងសំណុំរឿងដើម្បីបញ្ជូនជនសង្ស័យទាំង​០៦នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្ដតាមនីតិវិធី៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

Share This Post: