ព័ត៌មានជាតិ

ហួសចិត្ត ! ស្នូរសំឡេងផ្ទុះផ្ទួនៗ ផ្អើលប៉ូលិសចេញតាមឃាត់ យកសួរនាំ តែជនទាំងពីរនាក់ ឆ្លើយថាដុតផាវគ្រាប់បែកលេងទេ

BY
Khmernote Media
February 22, 2020

ភ្នំពេញ ៖ ស្នូរផ្ទុះផ្ទួនៗគ្នា ដែលប្រជាពលរដ្ឋអះអាងថា មានបុរស២នាក់ ជាអ្នកបាញ់ចេញពីក្នុងរថយន្ត Mercedes ស៊េរីទំនើបមួយគ្រឿង ផ្អើលអស់ប្រជាពលរដ្ឋ និងសមត្ថកិច្ចខណ្ឌ៧មករា ឡោមព័ទ្ធ ឃាត់សួរនាំ សុំត្រួតពិនិត្យ និងឆែកឆេរ តែមិនឃើញមានអ្វី ឡើយ ហើយសមត្ថកិច្ចក៏នាំយយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ហើយបានឆ្លើយថា ជាការដុតផាវបំផ្ទុះនោះទេ មិនមានការបាញ់បោះ ដោយកាំភ្លើងបាញ់នោះឡើយ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃសុក្រ ទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចស្តុប រោងកុនអង្គរចាស់ ក្នុងសង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ។ ជនសង្ស័យទាំង២នាក់ មិនត្រូវបានស្គាល់ អត្តសញ្ញាណនោះទេ ជិះរថយន្តម៉ាក ម៉ាសឺដេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BC-6066 ។

ប្រភពបានឲ្យដឹងថា ដំបូងឡើយគេលឺសំលេងស្នូរផ្ទុះផ្ទួនៗគ្នា ដែលប្រជាពលរដ្ឋអះអាងថា មានបុរស២នាក់ ជាអ្នកបាញ់ចេញពីក្នុងរថយន្ត Mercedes ស៊េរីទំនើបមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2BC-6066 បើកតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចមកកើត ខណៈមកដល់ចំណុចស្តុបធនាគារ កាណាឌីយ៉ា ក៏បានលឺស្នូរផ្ទុះចំនួន២គ្រាប់ ហើយក៏បត់ទៅទិសខាងត្បូងខាងក្រោយ រោងកុនអង្គរចាស់ កន្លែងផ្ញើម៉ូតូ ក៏មានការផ្ទុះចំនួន២ទៅ៣គ្រាប់ទៀត បង្កការភ្ញាក់ផ្អើលអស់ប្រជាពលរដ្ឋ ។

ប្រភពបន្តថាភា្លមៗនោះ គឺមានយុវជនម្នាក់បានចុះពីរថយន្ត រត់សំដៅចូលទៅខាងក្នុងប្លុកផ្ញើម៉ូតូបាត់មួយសន្ទុះ។ បន្តិចក្រោយមកក៏ដើរចេញមកវិញ កាន់នំញាំ ហើយក៏ឃើញសមត្ថកិច្ចខណ្ឌ៧មករា ចុះមកអន្តរាគមន៍តែម្ដង ។ ភ្លាមៗនោះ គេឃើញសមត្ថកិច្ចឃាត់យុវជនទាំង២នាក់នោះសួរនាំ ហើយសុំត្រួតពិនិត្យ និងឆែកឆេរ ដែរ តែមិនឃើញមានអ្វីឡើយ ហើយសមត្ថកិច្ចក៏នាំយកទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ។ លុះមកដល់ស្នាក់ការហើយ បុរសទាំងពីរនាក់នោះបានឆ្លើយថា ជាការដុតផាវបំផ្ទុះលេងទេ មិនមានការបាញ់បោះ ដោយកាំភ្លើងបាញ់នោះឡើយ។ ហើយនៅកន្លែងកើតហេតុ សមត្ថកិច្ចរកមិនឃើញ សំបកកាំភ្លើងនោះទេ តែទោះជាយ៉ាងណាសមត្ថកិច្ចធ្វើកំណត់ហេតុរួច បានបញ្ជូនជនសង្ស័យទាំងពីរនាក់នេះ ទៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីស្រាវជ្រាវបន្ត និងចាត់ការទៅតាមនីតិវិធី ៕

អត្ថបទ៖ បងម៉េង

Share This Post: