ព័ត៌មានជាតិ

រថយន្ត LAND ROVER បុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យ ទាំងកណ្ដាលយប់ បណ្ដាលក្រឡាប់ផ្ងារជើងច្រងាងទទឹងផ្លូវ

BY
Khmernote Media
February 22, 2020

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់ ទំនងជាស្រវឹងស្រា បានបើករថយន្ត LAND ROVER ស៊េរីទំនើបមួយគ្រឿង បោះពួយយ៉ាងលឿនបានជ្រុលទៅបុកបង្កាន់ដៃគល់ស្ពានអាកាសស្ទឹងមានជ័យ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងម្ខាង ទទឹងច្រងាង កណ្ដាលផ្លូវ តែពិតជាសំណាងល្អ ដោយសារជារថយន្តស៊េរីទំនើប ទើបម្ចាស់មិនមានគ្រោះថ្នាក់ឡើយ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង០១:២០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសៅរ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២០ នៅត្រង់ចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ(ខាងត្បូង) ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

តាមប្រភពបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់ ទំនងស្រវឹងស្រា បើករថយន្តស៊េរី ទំនើប ម៉ាក LAND ROVER ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2S-7788 ធ្វើដំណើរតាមបណ្តោយផ្លូវ២៧១ ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសស្ទឹងមានជ័យបណ្ដាលឲ្យរងការខូចខាតបែកតិចតួច ហើយរថយន្តបង្កក្រឡាប់ផ្ងារជើងម្ខាងច្រងាង ទទឹងលើស្ពាន តែមិនបណ្ដាលឲ្យមនុស្សរបួសទេ ហើយក៏បានចុះមកនិយាយជាមួយក្រុមអ្នកសារព័ត៌មានបានមួយសន្ទុះ ក៏ចេញពីកន្លែងកើតហេតុ បាត់ស្រមោលទៅ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញចរាចរណ៍ផ្លូវគោក ចុះមកវាស់វែង និងស្ទូចយករថយន្តបង្ក ទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយនៅពេលក្រោយទៀត៕

Share This Post: