ព័ត៌មានជាតិ

បើកបុកគូទឡានធំមួយទំហឹង តែអាយុថ្លៃខ្ទេចតែឡាន មនុស្សមិនអី

BY
Khmernote Media
February 23, 2020

រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់ បុរសម្នាក់រងរបួសមធ្យម និងតៃកុងកៀបជាប់ក្នុងកាប៊ីន ត្រូវបានសមត្ថកិច្ចរួមទាំងបងប្អូនប្រជាពលរដ្ឋ នាំគ្នាជួយគាស់យកចេញមកក្រៅ បញ្ជូនតាមរថយន្តគិលានសង្គ្រោះគ្លីនិកឯកជនយកទៅសង្គ្រោះ បន្ទាប់ពីបើករថយន្ត TACOMA ដឹកទារាប់សិបយកទៅទម្លាក់អោយម៉ូយ ខណៈពេលឡើងស្ពានក្នុងល្បឿនលឿន បែរជាតៃកុងងោកមួយភាំង រេចង្កូតទៅបុកផ្ទប់ពីក្រោយឡានធំ រួញមួយចំហៀងខាងតៃកុង ខ្ទេចយ៉ាងដំណំ កៀបជាប់ទាំងតៃកុង របួសធ្ងន់ និងអ្នករួមដំណើរបែកលើចិញ្ចើមគួរសម ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោងជិត៤ទាបភ្លឺ ឈានចូលថ្ងៃអាទិត្យ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចលើស្ពានព្រះមុនីវង្ស(ហៅស្ពានច្បារអំពៅ) ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ព្រំប្រទល់ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

ប្រភពពីអ្នកដែលស្គាល់ជនរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញមានរថយន្តមួយគ្រឿង ម៉ាក TOYOTA TACOMA ពណ៌ស្លែ ពាក់ស្លាកលេខភ្នំពេញ 1L-7045 មានដឹកទារាប់សិបក្បាល (មិនដឹងថាយកទៅលក់នៅផ្សារ ឬយកទៅដាក់ឲ្យម៉ូយតាមហាងនោះទេ) ដោយបានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្សឡើងស្ពានពីលិចមកកើត ខណៈពេលកំពុងបើកបោះពួយលឿនឡើងស្ពានច្បារអំពៅ សង្ស័យតៃកុង ងងុយដេក និងងោកមួយភាំង ទើបជ្រុលទៅបុកផ្ទប់ពីក្រោយរថយន្តធុនធំមួយគ្រឿង (មិនស្គាល់ម៉ាក)ពេញទំហឹងតែម្ដង បណ្តាលឲ្យរថយន្តរួញខ្ទេចមួយចំហៀងខាងឆ្វេង កៀបតៃកុងជាប់ក្នុងកាបីន រងរបួសធ្ងន់ ចំណែកអ្នករួមដំណើររបួសបែកចិញ្ចើមឈាមពេញមុខ និងខ្ទាតចំណីសត្វរាយប៉ាយពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ រាយការណ៍ប្រាប់សមត្ថកិច្ចទាំងខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ចុះអន្តរាគមន៍ហើយនាំគ្នាជួយគាស់ យកតៃកុងចេញមកខាងក្រៅ រួចហៅរថយន្តសង្គ្រោះគ្លីនិកឯកជន សុងការណ៍ មកដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យផងដែរ ។ ចំណែករថយន្តធុនធំដែលនៅខាងមុខនោះ ឃើញសភាពមិនស្រួល បានបើករថយន្តបន្តដំណើរទៅមុខបាត់ស្រមោល ដោយមិនមានខាងណាដឹងភិនភាគ ឬម៉ាកអ្វីនោះទេ។

បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ចាក់អង្រែលើ និងផ្នែកវាស់វែងចរាចរណ៍ខណ្ឌមានជ័យ បានចុះមកធ្វើកំណត់ហេតុ បន្តិចក្រោយមកក៏មានសាច់ញាតិម្ចាស់រថយន្តរងគ្រោះ ក៏បានមកដល់កន្លែងកើតហេតុដែរ តែដោយសារតែរថយន្តរងការខូចខាតខ្ទេចយ៉ាងដំណំ និងរថយន្តម្ខាងទៀតទៅបាត់ទៀត ទើបមិនចង់វែងឆ្ងាយ ក៏សុំសមត្ថកិច្ចបញ្ចប់រឿងត្រឹមនឹង និងហៅរថយន្តមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯងតែម្ដង ៕

អត្ថបទ&រូបភាព៖ ដោយ បងម៉េង

Share This Post: