លោកយាយអាយុ៧៦ឆ្នាំម្នាក់ស្លាប់ ខណៈភ្លើងឆេះតូបសំណាក់ធម៌ នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ
ខេត្តកំពង់ចាម ៖ លោកយាយអាយុ៧៦ឆ្នាំម្នាក់បានស្លាប់ ខណៈភ្លើងឆេះតូបសំណាក់ធម៌ នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ ស្ថិតក្នុងភូមិអង្គរ បានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម នៅថ្ងៃអាទិត្យ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ០៣និង៤៧នាទីទៀបភ្លឺ ។
សមត្ថកិច្ចនគរបាលស្រុកកងមាស ទទួលបានព័ត៌មានថា មានករណីអគ្គីភ័យកើតឡើង នៅចំណុចវត្តសុវណ្ណរង្សីហៅវត្តអង្គរ បានស្ថិតក្នុងភូមិ អង្គរបានទី៦ ឃុំអង្គរបាន ស្រុកកងមាស ខេត្តកំពង់ចាម ទទួលបានព័ត៌មានភ្លាម កម្លាំងអធិការនគរបាលស្រុកបានចុះដល់កន្លែងកើតហេតុ និងចេញឡានទឹកអន្តរាគមន៍បាញ់ទឹកពន្លត់ជាបន្ទាន់ ។
សមត្ថកិច្ចនគរបាលស្រុកកងមាសបានឲ្យដឹងថា ករណីឆាបឆេះនេះ គឺឆេះតូបសម្រាប់សំណាក់ធម៌មានទំហំ ៥x១៥ ប្រកក្បឿងជញ្ជាំងក្តារ ។ ក្នុង ហេតុការណ៍នេះដែរ សមត្ថកិច្ចក៏បានប្រទះឃើញមានសពលោកយាយម្នាក់ដេកស្លាប់ ឈ្មោះ សន លី អាយុ៧៦ឆ្នាំ មានទីលំនៅភូមិអង្គរបានទី៥ ឃុំអង្គរបាន ស្រុកកងមាស ។
បច្ចុប្បន្ន ជំនាញព្រហ្មទណ្ឌបើកការស៊ើបអង្កេតជាបន្ទាន់ និងកំណត់រកមូលហេតុនៃការស្លាប់អោយបានច្បាស់លាស់ (របាយការណ៍លំអិតនិង រាយការណ៍ជូននៅពេលក្រោយ) ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
