ក្រសួងកិច្ចការនារី ចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ពីវិធានការលើអ្នកលក់អនឡាញ ដែលប្រើរូបភាពអាសអាភាស និងគោលការណ៍គោរពសិទ្ធិរបស់ស្រ្តីនៅកម្ពុជា
ក្រសួងកិច្ចការនារី បានចេញសេចក្ដីថ្លែងការណ៍ ដោយបញ្ជាក់ពីវិធានការលើអ្នកលក់អនឡាញ ដែលប្រើរូបភាពអាសអាភាស និងគោលការណ៍គោរពសិទ្ធិរបស់ស្រ្តីនៅកម្ពុជា។ ដោយមានការលើកឡើង ក៏ដូចជាសំណូមពររបស់មហាជនពាក់ព័ន្ធនឹងការចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម និងប្រព័ន្ធអនឡាញ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានលើកបញ្ហានះឡើងនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ និងបានណែនាំឲ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការអប់រំដល់អ្នកលក់ផលិតផលតាមអនឡាញដែលប្រើប្រាស់រូបភាពអាសអាភាស ឬអាក្រាតកាយ មុននឹងឈានទៅចាត់វិធានការជាក់លាក់ណាមួយ។

វិធានការនេះ បាននិងកំពុងទទួលការអបអរសាទរពីសំណាក់មហាជន ព្រោះជាវិធានការដើម្បីទប់ស្កាត់សកម្មភាពផ្សព្វផ្សាយ និងចែកចាយរូបភាពអាសអាភាសតាមបណ្តាញសង្គម ក្នុងចំណោមអ្នកប្រើប្រាស់ប្រព័ន្ធអនឡាញ ដែលភាគច្រើនជាក្រុមមនុស្សវ័យក្មេង សំដៅការពារសិទ្ធិនិងសេចក្តីថ្លៃថ្នូរបស់មនុស្ស ជាពិសេសស្ត្រី បង្កើនសុខុមាលភាពរបស់ប្រជាពលរដ្ឋ និងរក្សាការពារ លើកកម្ពស់ទំនៀមទំលាប់ប្រពៃណីដ៏ល្អរបស់ជាតិ។ វិធានការនេះសំដៅលើករណីលក់ផលិតផលអនឡាញមួយចំនួនតូចដែលប្រើប្រាស់រូបភាពអាសអាភាស ដែលជាទង្វើផ្ទុយនឹងច្បាប់ដែលមានចែងជាធរមាន និងមិនសំដៅរឹតបន្តឹងសិទ្ធិសេរីភាពរបស់ស្រ្តីខ្មែរនោះទេ។
រាជរដ្ឋាភិបាលលើកទឹកចិត្តដល់ប្រជាជនគ្រប់រូប ទាំងបុរសនិងស្រ្តី ឲ្យបន្តប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យានៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្តីថ្លៃថ្នូរនិងប្រសិទ្ធភាពខ្ពស់៕
