អគ្គិភ័យឆេះបំផ្លាញផ្ទះអ្នកភូមិអស់មួយខ្នង ព្រឹកមិញនេះ នៅក្រោយសាលារៀនភូមិឬស្សី
រាជធានីភ្នំពេញ ៖ សង្ស័យឆ្លងចរន្តអគ្គីសនី ទើបបង្កជាអគ្គីភ័យឆាបឆេះផ្ទះពលរដ្ឋ អស់មួយខ្នង កាលពីវេលាម៉ោង៥ទៀបភ្លឺឈានចូលថ្ងៃអង្គារ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលំ ជាប់ដីឡូត៍អត់លេខ (ក្រោយសាលារៀនភូមិឬស្សី) ស្ថិតក្នុងភូមិឬស្សីទី៣ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ផ្ទះដែលឆេះ មានទំហំ៥ម៉ែត្រ គុណនិង៧ម៉ែត្រ ជញ្ជាំងថ្មក្រោម លើឈើ ប្រក់ស័ង្កសី មានម្ចាស់ផ្ទះឈ្មោះ គង់ សុខលីន ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរធ្វើធ្យូងអនាម័យ ។

សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ចំនួន៩គ្រឿង សហការគ្នា អន្តរាគមន៍បាញ់ឲ្យរលត់ទៅវិញ នៅវេលាម៉ោង៦និង១០នាទីព្រឹក នៅថ្ងៃខែឆ្នាំដដែល ។ គ្រោះអគ្គីភ័យនេះ ពុំបណ្ដាល ឱ្យនរណាម្នាក់រងរបួស ឬស្លាប់ឡើយ គឺខូចខាតផ្ទះទាំងស្រុង និងសម្ភារៈមួយចំនួន ។ តាមសម្តីម្ចាស់ផ្ទះបានប្រាប់ពីមូលហេតុថា គឺសង្ស័យឆ្លងចរន្តអគ្គីសនី ឆេះពូករបស់គាត់ នៅផ្នែកជាន់ខាងលើ រីឯគាត់និងក្រុមគ្រួសារ សម្រាកនៅខាងក្រោម រួចក៏ឆេះសន្ធោសន្ធៅតែម្ដង៕






អត្ថបទ៖ បងម៉េង