ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក នៅមន្ទីរពេទ្យខ្មែរសូវៀត
ដោយមានការសហការជាមួយក្រុមគ្រូពេទ្យប្រទេសអូស្ត្រាលី ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជំងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២០។

យោងតាមការប្រកាសរបស់មន្ទីរពេទ្យបានឲ្យដឹងថា៖ “ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានសហការជាមួយក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូនការពិនិត្យ និងព្យាបាលជម្ងឺ ដែលបណ្តាលមកពីការប៉ះពាល់ប្រព័ន្ធប្រសាទភ្នែក ដូចជា ការបាត់បង់គំហើញដោយមិនដឹងមូលហេតុ ឬក្រោយការប៉ះទង្គិចក្បាល ការបាត់បង់ផ្នែកណាមួយនៃការមើលឃើញ ភ្នែកស្រលៀង ត្របកភ្នែកធ្លាក់ចុះ ឬទាញឡើងទៅលើ ឬញាក់ខុសធម្មតា។ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ស្ថិតនៅតាមបណ្តោយមហាវិថី យោធពលខេរមៈភូមិន្ទ ផ្លូវលេខ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខទូរស័ព្ទ ០៧៨ ៨២៥ ១០៩៕