បំបាត់បញ្ហាឈឺចុកចាប់ត្រង់កញ្ចឹងក ជាមួយនឹងគន្លឹះងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ទាំងនេះ
អត្ថបទខាងក្រោមនឹងបញ្ហាឲ្យដឹងពីគន្លឹះបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់បំផុតក្នុងការព្យាបាលបំបាត់អាការៈនៃការឈឺចាប់ត្រង់-ក ៖
១. ចំពោះការឈឺចាប់ដែលទើបនឹងកើតឡើង ៖ ចូរស្អំទឹកកក។ អ្វីដែលអ្នកត្រូវធ្វើ គឺដំទឹកកកឲ្យបែកជាដុំតូចៗល្អិត រួចដាក់វាចូលក្នុងថង់ផ្លាស្ទិកដែលអាចកិប ឬរ៉ូតជិតបានមួយ។ បន្ទាប់មកដាក់វាស្អំទៅលើកន្លែងដែលឈឺចាប់ខ្លាំងបំផុតសម្រាប់រយៈពេល ១៥ នាទី។ ត្រូវចាំថា អ្នកមិនអាចដាក់ស្អំទឹកកក លើស្បែកដោយផ្ទាល់ (មិនដាក់ក្នុងកញ្ចប់ផ្លាស្ទិក) តែម្ដងបានឡើយ ក៏ព្រោះការធ្វើបែបនេះអាចនឹងបណ្ដាលឲ្យស្បែកទទួលរងការរលាក។

២. សម្រាប់ការឈឺចាប់រាុំរ៉ៃ ៖ ព្យាបាលដោយការស្អំកម្ដៅ។ អ្វីដែលអ្នកត្រូវធ្វើ គឺដាក់អង្ករ ឬស្រូវសាលីចូលឲ្យពេញក្នុងកញ្ចប់ក្រណាត់សម្រាប់ស្អំ។ បន្ទាប់មកដាក់កម្ដៅវាឲ្យក្ដៅសម្រាប់រយៈពេល ២ នាទី រួចសឹមយកកញ្ចប់នេះទៅស្អំលើកន្លែងដែលឈឺចាប់ សម្រាប់រយៈពេល ១៥ នាទី។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តន៍នៅពេលព្រឹកក្រោយពេលភ្ញាក់ពីដំណេក មុនពេលហាត់ប្រាណ។

៣. រមៀត ៖ អ្នកអាចទទួលទានរមៀតលាយជាមួយនឹងអាហារផ្សេងទៀត ឬទទួលទានបែបភេសជ្ជៈ (តែរមៀតជាមួយនឹងទឹកឃ្មុំ) ក៏បាន។

៤. ទទួលទានអាហារដែលផ្ទុកសម្បូរទៅដោយវីតាមីន B12។

៥. លំហាត់ប្រាណបង្វិល-ក ៖ លំហាត់ប្រាណទាំង ៣ នេះមិនត្រឹមតែជួយបំបាត់ការឈឺចាប់ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជួយពង្រឹងសាច់ដុំករបស់អ្នកផងដែរ។ ចំពោះលំហាត់ប្រាណទី ១ អ្វីដែលអ្នកត្រូវធ្វើ គឺបង្វិល-ក ក្នុងចលនាបែបរង្វង់យឺតៗ ៣ ដង។ លំហាត់ប្រាណទី ២ គឺធ្វើចលនាផ្អៀងក្បាលទៅខាងឆ្វេងឲ្យបានឆ្ងាយបំផុតតាមដែលអាចធ្វើទៅបាន រួចសឹមផ្លាស់ទៅខាងស្ដាំវិញ។ ធ្វើបែបនេះចំនួន ៣ ដង។ លំហាត់ប្រាណទី ៣ អ្វីដែលអ្នកត្រូវធ្វើ គឺងើយក្បាលទៅក្រោយ និងអោនមកមុខវិញ។ អនុវត្តន៍បែបនេះឲ្យបាន ៣ ដង។

៦. ការម៉ាស្សា ៖ អ្វីដែលអ្នកត្រូវធ្វើ គឺពិគ្រោះជាមួយ និងទទួលយកការម៉ាស្សាពីសំណាក់អ្នកជំនាញខាងផ្នែកម៉ាស្សា។

៧. ផ្លាសប្ដូររបៀបរស់នៅ ៖ ការឈឺចាប់ត្រង់-ក ភាគច្រើនកើតឡើងដោយសារតែរបៀបរបបនៃការរស់នៅមិនត្រឹមត្រូវ។ ការកែប្រែបន្តិចបន្តួចនៅក្នុងរបៀបនៃការរស់នៅប្រចាំថ្ងៃរបស់យើងក៏អាចជួយព្យាបាលការឈឺចាប់ និងបង្ការមិនឲ្យបញ្ហាឈឺ-កកើតមានបានដែរ។
– ចំពោះការសម្រាក ៖ ការឈឺចាប់ត្រង់កភាគច្រើនកើតឡើងដោយសារតែភាពតានតឹងដែលបណ្តាលមកពីសកម្មភាពច្រំដែល ឬការចំណាយពេលច្រើនចុចកុំព្យូទ័រ និងការគេងក្នុងទីតាំងមិនត្រឹមត្រូវ។ ប្រសិនបើមានការឈឺចាប់ ចូរបញ្ឈប់នូវរាល់សកម្មភាពដែលហាក់ដូចជាបណ្ដាលឲ្យវាកើតឡើងភ្លាម។ សម្រាកឲ្យបានត្រឹមត្រូវសម្រាប់រយៈពេលពី ២ ទៅ ៣ ថ្ងៃ។ ការឈឺចាប់ត្រង់កភាគច្រើននឹងជាសះស្បើយក្នុងរយៈពេលនេះ ប៉ុន្តែប្រសិនបើវាមិនបាត់ទេនោះ អ្នកត្រូវទៅជួបពិគ្រោះជាមួយនឹងគ្រូពេទ្យជំនាញ។
– ផ្លាស់ប្ដូរទីតាំងនៃការគេង ៖ ការគេងផ្ងារ និងគេងផ្អៀងទៅម្ខាង គឺជាទីតាំងល្អបំផុត។ ជៀសវាងការគេងផ្កាប់មុខ ហើយអ្នកមិនត្រូវកើយខ្នើយលើសពីមួយ ឬប្រើខ្នើយក្រាស់ពេកឡើយ៕

អត្ថបទ ៖ Bee
ប្រភព ៖ Brightside