រថយន្តធុនធំដឹកថ្ម ចតស្ងៀមទុកចោលលើផ្លូវងងឹតឈឹង ត្រូវនារីម្នាក់បើក LEXUS 330 ទៅបុកខ្ទេចមួយកំណាត់មុខ ហើយថយក្រោយបុកជញ្ជាំងផ្ទះមួយតង់ទៀតបែកឈាមពេញមុខ
រាជធានីភ្នំពេញ ៖ នារីម្នាក់បែកឈាមពេញមុខ បន្ទាប់ពីបើករថយន្ត LEXUS RX330 មួយគ្រឿង ក្នុងល្បឿនលឿន បានជ្រុលទៅបុកផ្ទប់ពេញទំហឹង ចំពីមុខ ចំហៀងខាងឆ្វេង រថយន្តធុនធំ មួយគ្រឿង ប្រភេទសណ្ដោងកន្ទុយ (ដឹកថ្ម) ដែលចតស្ងៀមទុកចោលនៅលើផ្លូវបេតុង ត្រង់កន្លែងងងឹតឈឹង ពុំមានភ្លើងបំភ្លឺផ្លូវ និងមិនមានដាក់អ្វីសម្គាល់ និងចំណាំងផ្លាតអ្វីនោះទេ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងជិត១២យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅលើកំណាត់ផ្លូវបេតុង (វិមានសុភមង្គល) ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមប្រភពពីប្រជាពលរដ្ឋ ដែលបានឃើញ ហេតុការណ៍បានឲ្យ ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ គឺបានកើតឡើង ដោយសាររថយន្តធុនធំថតស្ងៀមទុកចោលលើផ្លូវងងឹតឈឹង ពុំមានភ្លើងបំភ្លឺផ្លូវ និងមិនមានដាក់អ្វីសម្គាល់ និងចំណាំងផ្លាតអ្វីដើម្បីអោយអ្នកបើកបរយានយន្តផ្សេងទៀតមើលឃើញឡើយ ទាល់តែមកកៀកទើបឃើញ ចំណែកឯរថយន្ត LEXUS បើកបរក្នុងស្ថានភាព ស្រវឹងផង និងមិនមាន ការប្រុងប្រយ័ត្ន។ ប្រភពបានបន្តថា ក្រោយពេលកើតហេតុ តៃកុង អាត្រាក់ទ័រ បានរត់គេចពីកន្លែងកើតហេតុបាត់ស្រមោល។
បើតាមសម្ដី បុរសចំណាស់ម្នាក់ដែលជាសន្តិសុខភូមិ បានរៀបរាប់ប្រាប់ថា ដំបូងឡើយ គាត់ឃើញរថយន្តធុនធំមួយគ្រឿង ប្រភេទសណ្ដោងម៉ាក FUSU ពណ៍បៃតង ពាក់ស្លាកលេខព្រះសីហនុ 3A-3312 បានបើកទិសដៅពីកើតមកលិច ហើយយកមកចតស្ងៀមទុកចោលលើផ្លូវ អែបរបងរោងចក្រ តាំងពីក្បាលល្ងាចមកម្ល៉េះ រហូតមកដល់យប់ ដោយមិនឃើញដាក់អ្វីសម្គាល់ ឬក៏ចំណាំងផ្លាតអ្វីដើម្បីអោយអ្នកបើកបរយានយន្តផ្សេងទៀតមើលឃើញឡើយ ហើយនៅចំណុចដែលចតគ្មានភ្លើងបំភ្លឺផ្លូវជាតិ គាប់ជួននារីរូបស្រស់ បើករថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AX-4956 ពីលិចមកកើត ខ្វះការប្រុងប្រយ័ត្ន ក៏ជ្រុលទៅបុកខ្ទេចមួយកំណាត់មុខ និងរងរបួសបែកមុខហូរឈាមផងដែរ ហើយព្យាយាមបើកថយក្រោយ ក៏ជ្រុលទៅបុកប៉ះ ជញ្ជាំងផ្ទះប្រជាពលរដ្ឋ បែកស្តុបខាងក្រោយ ទៀត ទើបបង្កការភ្ញាក់ផ្អើល ដល់អ្នកបើករថយន្តធុនធំ នាំគ្នាចេញមកមើល និងឃាត់រថយន្តបង្ក ធ្វើការដោះស្រាយគ្នាសិនផងដែរ។
បច្ចុប្បន្នក្រោយកើតហេតុ នារីរូបស្រស់ ដែលជាអ្នកបើករថយន្ត បានទូរស័ព្ទហៅ សាច់ញាតិមកជួយដោះស្រាយ ជាមួយភាគីរថយន្តធុនធំ ហើយចេញពីកន្លែងកើតហេតុបាត់ បន្សល់បុរស២នាក់ ត្រូវជាសាច់ញាតិ មកចរចារគ្នាជិត៤ម៉ោង ផ្អើលដល់សមត្ថកិច្ចល្បាតចុះមកសួរនាំ តែភាគីទាំងសងខាងថា មិនរំខានសមត្ថកិច្ច ប៉ុស្តិ៍ស្ទឹងមានជ័យទី៣ទេ ពួកគាត់អាចដោះស្រាយដោយខ្លួនឯងបាន ហើយខាង រថយន្តធុនធំ ទាមទារសំណង ៦០០ដុល្លារ យកទៅជួសជុល ចំណែកភាគីខាងរថយន្តបង្កចរចារគ្នា រហូតសល់ត្រឹម៥០០ដុល្លារ ទើបភាគីទាំងសងខាង យល់ព្រមបញ្ចប់រឿង និងទទួលសំណង ត្រឹមនេះ ព្រោះមិនចង់វែងឆ្ងាយ៕





អត្ថបទ និងរូបភាព៖ បងម៉េង