រថយន្ត

TOYOTA ចំណាយប្រាក់ ៤០០លានដុល្លារអាមេរិក លើក្រុមហ៊ុន Pony.ai ដើម្បីសិក្សាលើបច្ចេកវិទ្យាបើកបរដោយខ្លួនឯង

BY
autoadmin
February 26, 2020

ក្រុមហ៊ុន Toyota Motor Corp បានវិនិយោគទឹកប្រាក់ចំនួន ៤០០លានដុល្លារអាមេរិក ទៅលើក្រុមហ៊ុន Pony.ai ដើម្បីពង្រឹងទំនាក់ទំនងរបស់ខ្លួន ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ប្រព័ន្ធរថយន្តគ្មានអ្នកបើកបររបស់ចិនមួយនេះ។ ការវិនិយោគនេះបានពង្រីកភាពជាដៃគូជាមួយក្រុមហ៊ុន Pony.ai ដែលទើបតែបានបង្កើតឡើងកាលពីឆ្នាំមុន និងជំរុញឱ្យតម្លៃរបស់ក្រុមហ៊ុន Pony.ai កើនឡើងដល់ជាង ៣ពាន់លានដុល្លារអាមេរិក។ ការព្រមព្រៀងនេះអនុញ្ញាតឱ្យមានការរួមបញ្ចូលគ្នាកាន់តែស៊ីជម្រៅនៃបច្ចេកវិទ្យារបស់ Pony.ai ជាមួយនឹងយានយន្តរបស់តូយ៉ូតា។

លោក James Peng នាយកប្រតិបត្តិក្រុមហ៊ុន Pony.ai បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ Bloomberg ថា៖ “វានឹងជួយយើងធ្វើឱ្យពាណិជ្ជកម្មយានយន្តបើកបរស្វ័យប្រវត្តិបានលឿនជាងមុន។ យើងនឹងចំណាយប្រាក់បន្ថែមទៀត ក្នុងការកសាងឱ្យបានលឿនបំផុត”។ ក្រុមហ៊ុនផលិតរថយន្តដណ្ដើមគ្នាធ្វើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផ្តល់ប្រព័ន្ធបើកបរស្វ័យប្រវត្តិ ដើម្បីទទួលបានជំនាញ និងការប្រកួតប្រជែងជាមួយក្រុមហ៊ុនបច្ចេកវិទ្យាដទៃ ដែលចង់ចូលក្នុងអាជីវកម្មដឹកជញ្ជូន។ ប៉ុន្តែសម្រាប់ Pony.ai ទំនាក់ទំនងជាមួយតូយ៉ូតា គឺជាទំនុកចិត្តសំខាន់មួយ ខណៈដែលខ្លួនព្យាយាមប្រជែងជាមួយ Alphabet Inc’s Waymo របស់អាមេរិក៕

អត្ថបទ៖ លីដា

Share This Post: