ព័ត៌មានជាតិ

នាវា Westerdam បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុហើយកាលពីយប់មិញ តែបើទៅប្រទេសផ្សេងគេមិនឲ្យចូលចតទៀត ក្រុមហ៊ុននាវានឹងសុំត្រលប់មកកម្ពុជាចូលចតបណ្តោះអាសន្នទៀត

BY
Khmernote Media
February 27, 2020

ខេត្តព្រះសីហនុ-កប៉ាល់ MS Westerdam និងកងនាវិក ប្រមាណជាង៨០០នាក់ ដែលមានមូលដ្ឋានមកពីសហរដ្ឋអាមេរិក បានចាកចេញពីកំពង់ផែក្រុងព្រះសីហនុ ប្រទេសកម្ពុជាហើយនៅយប់ថ្ងៃ២៦ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ។ មន្ត្រីអ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុលោកឃាង ភារម្យ បានឲ្យដឹងថា នាវានេះនឹងចេញទៅសមុទ្រខាងក្រៅ ដើម្បីរង់ចាំការអនុញ្ញាតពីប្រទេសហ្វីលីពីន ដើម្បីចូលចតនៅកំពង់ផែហ្វីលីពីនមុននឹងបន្តដំណើរទៅកាន់គោលដៅដើម។

បើតាមមន្ត្រីអ្នកនាំពាក្យដដែលបញ្ជាក់ថា ប្រសិនក្នុងករណីមានការប្រែប្រួលណាមួយ ខាងប្រទេសហ្វីលីពីនមិនអនុញ្ញាតអោយចូលចត ក្រុមហ៊ុននាវានេះនឹងសុំមកអជ្ញាធរ រាជរដ្ឋាភិបាលកម្ពុជា ដើម្បីចូលចតជាបណ្តោះអាសន្ននៅកំពង់ផែក្រុងព្រះសីហនុម្តងទៀត។

សូមបញ្ជាក់ថាក្នុងពេលពិសារអាហារថ្ងៃត្រង់ជាមួយឯកឧត្តមអភិបាលខេត្តព្រះសីហនុ តំណាងក្រុមហ៊ុននាវាបានគោរពថ្លែងអំណរគុណសម្តេចតេជោហ៊ុនសែន អរគុណប្រទេសកម្ពុជា ដែលផ្តល់ការអនុគ្រោះសព្វបែបយ៉ាងកន្លងមក ជាមួយនឹងពាក្យថា «អរគុណៗ ដោយការគោរព»៕

ប្រភព៖ លោក ហ៊ុយ ប៊ុនឡេង

Share This Post: