ព័ត៌មានជាតិ

ក្រោយផ្ទុះជំងឺផ្តាសាយបក្សី​ H5N1នៅវៀតណាម ក្រសួងសុខាភិបាល ណែនាំតាមបណ្តារាជធានី-ខេត្តអោយបង្កើនការប្រុងប្រយ័ត្ន ជាពិសេសខេត្តជាប់ព្រំដែនជាមួយវៀតណាម

BY
Khmernote Media
February 27, 2020

ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសណែនាំតាមបណ្តាខេត្តអោយបង្កើនទប់ស្កាត់ជំងឺផ្តាសាយបក្សី​ H5N1 ក្រោយផ្ទុះនៅវៀតណាម។ ដោយផ្អែកតាមព័ត៌មានពីខេត្តត្រា ភាគខាងត្បូងនៃសាធារណរដ្ឋសង្គមនិយមវៀតណាម កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ មានផ្ទុះជំងឺផ្តាសាយបក្សី H5N1 ហើយអាជ្ញាធរវៀតណាមបានកំទេចសត្វមាន់ប្រមាណ ៥ម៉ឺន ៥ពាន់ក្បាល។

ដូច្នេះហើយក្រសួងសុខាភិបាល បានណែនាំឲ្យថ្នាក់ដឹកនាំតាមរាជធានីខេត្ត បង្កើនការប្រុងប្រយ័ត្ន និងធ្វើការណែនាំអប់រំប្រជាពលរដ្ឋដើម្បីបង្ការទប់ស្កាត់ ការឆ្លង H5N1 មកមនុស្សជាពិសេសនៅតាមបណ្តាខេត្តជាប់ព្រំដែនជាមួយវៀតណាម ដូចជាកណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និងតាកែវ ដោយមិនត្រូវទទួលទានសត្វបក្សីឈឺ ឬងាប់ និងរាល់បសុបក្សីសម្រាប់បរិភោគ ត្រូវចំអិនឲ្យបានឆ្អិនល្អ។ ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ផ្ទាល់ជាមួយបសុបក្សី។

បើមានបុគ្គលណាម្នាក់មានគ្រុនគ្តៅលើសពី ៣៨.៥អង្សារសេ ក្អក ពិបាកដកដង្ហើម និងមានប្រវត្តិប៉ះពាល់ជាមួយបសុបក្សី ឈឺ ឬងាប់ ក្នុងអំឡុងពេល១៤ថ្ងៃ មុនចេញរោគសញ្ញា សូមទំនាក់ទំនងលេខទូរស័ព្ទទាន់ហេុតការណ៍១១៥ ឬ ០១២ ៤៨៨ ៩៨១ និង ០១២ ៨៣៦ ៨៦៨៕

Share This Post: