ចាប់បានហើយ ចោរដៃឆើតជិះឡាន Highlander ធ្វើសកម្មភាព វាយហើយប្លន់យកកាបូប ខណៈដែលជនរងគ្រោះកំពុងចាក់សោទ្វារបម្រុងចូលផ្ទះ
វាយជនរងគ្រោះប្លន់យកទ្រព្យសម្បត្តិបានតែពីរថ្ងៃប៉ុណ្ណោះត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួនបាន និងដកហូតវត្ថុតាងជូនជនរងគ្រោះវិញ។ ដោយកាលពីថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ២០២០ សមត្ថកិច្ចខេត្តបាត់ដំបងបានធ្វើការបង្រ្កាបករណីករណីលួចមានស្ថានទម្ងន់ទោសមួយករណី (វាយប្លន់យកទ្រព្យសម្បត្តិ) របស់ប្រជាពលរដ្ឋមួយករណី ដោយបានធ្វើការឃាត់ខ្លួនជនស័ង្សយម្នាក់ឈ្មោះ សេក ផល្លា ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មុខរបររត់តាក់ស៊ី ។

សម្ភារៈដកហូតបានគឺ លោហៈធាតុពណ៌លឿង (ខ្សែ ក)ចំនួន ០១ខ្សែ លោហៈធាតុពណ៌លឿង (បន្តោងខ្សែ ក) ចំនួន ០២បន្តោង ក្រវិលពណ៌ សចំនួន ០១គូ ទូរសព្ទដៃម៉ាក OPPO ពណ៌ក្រហមចំនួន ០១គ្រឿង ទូរសព្ទដៃម៉ាក Nokia ស៊េរីចាស់ចំនួន ០១គ្រឿង កាបូបយួរដៃពណ៌ប្រផេះចំនួន០១ និងរថយន្តមួយគ្រឿងម៉ាក ហាយឡិនឌ័រ Highlander ពណ៌កណ្ដុរប្រមេះ ពាក់ស្លាកលេខ ភ្នំពេញ 2AI 9709។ នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លើយសារភាពថា ខ្លួនតែម្នាក់ឯងគត់បានប្រព្រឹត្តិសកម្មភាព វាយប្លន់យកទ្រព្យសម្បត្តិរបស់នារីរងគ្រោះកាលពីយប់ថ្ងៃទី ២៣ ខែ កុម្ភៈឆ្នាំ ២០២០ នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈក្រុងបាត់ដំបង ពិតប្រាកដមែន។ នៅពេលនេះជនសង័្សយត្រូវបានសមត្ថកិច្ចនគរបាលកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការតាមផ្លូវច្បាប់
សូមជម្រាបជូនថា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០២០ វេលាម៉ោង០០និង០៧នាទីរំលងអធ្រាត នៅចំណុចភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីលួចមានស្ថានទម្ងន់ទោសមួយបានកើតឡើង ដែលករណីនេះ បង្កឡើងដោយជនសង័្សយសេក ផល្លា បានជិះរថយន្តមួយគ្រឿងម៉ាកហាយឡិនដ័រ Highlander ធ្វើសកម្មភាព វាយទៅលើជនរងគ្រោះ និងប្លន់យកកាបូបរបស់ជនរងគ្រោះឈ្មោះ ធី វត្ថា ភេទស្រី អាយុ ២៧ឆ្នាំ រស់នៅក្នុងមូលដ្ឋានខាងលើ ក្នុងពេលដែលជនរងគ្រោះកំពុងចាក់សោទ្វារផ្ទះបម្រុងចូលសម្រាក បណ្តាលឲ្យជនរងគ្រោះទទួលរងរបួសលេីមុខ មុនពេលជនសង័្សយ ជិះរថយន្ត គេចខ្លួនពីកន្លែងកើតហេតុ៕





ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង