នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាចាប់ខ្លួនជនជាតិចិនម្នាក់ ទម្លាយឯកសារសម្ងាត់របស់ក្រុមហ៊ុន
យោងតាមការបញ្ជាក់របស់ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ប្ដឹងឈ្មោះ CHEN CHEN ភេទប្រុស ជនជាតិចិន សញ្ជាតិចិន ដែលបានទម្លាយឯកសារការសម្ងាត់របស់ក្រុមហ៊ុន និងប្រើប្រាស់អុីមែលរបស់ក្រុមហ៊ុន ដើម្បីគៃបំបាត់ផលប្រយោជន៍ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន។

ដោយមានបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា និងមានដីការបញ្ជាឱ្យចូលខ្លួន នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២០ មន្ត្រីជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានធ្វើការស្រាវជ្រាវ នឹងឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ CHEN CHEN អាយុ ៣២ឆ្នាំ ជនជាតិចិន នៅចំណុចបុរីថៃឈុនគ្រី ផ្លូវលំ ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាំមកនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាដើម្បីកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមផ្លូវច្បាប់៕
ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា

