ឯកឧត្តម ហេង រតនា សោកស្តាយ ក្រោយឃេីញទិដ្ឋភាពប្រមែលប្រមូលវត្ថុឬសំភារៈធ្វេីពីប្រាក់ ឬស្ពាន់ ជាស្នាដៃមរតកចាស់ៗពីដូនតា មករំលាយដេីម្បីយកមកកសាងរូបសំណាក
ថ្មីៗនេះមានការចែករំលែកនៅលើបណ្តាញសង្គមនូវកម្មវិធីបួងសួងក្រុងពាលីសុំ សិតព្រះ ឬចាក់ធ្វើព្រះ ធ្វើអំពីស្ពាន់ មាស នៅភូមិខ្នាចាស់ ឃុំជ្រាវ ក្រុង/ខេត្តសៀមរាប ដោយបងប្អូនប្រជាពលរដ្ឋបានប្រមែលប្រមូលស្ពាន់ ប្រាក់ ចាស់ៗដើម្បីធ្វើការដុតរំលាយ ។ ក្នុងនោះផងដែរ ឯកឧត្តម ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក៏បានបញ្ចេញមតិទាក់ទងនឹងកម្មវិធីសិតព្រះ ឬចាក់ធ្វើព្រះ នេះផងដែរ។

ដោយឯកឧត្តម បានរៀបរាប់យ៉ាងដូច្នេះថា៖ “ពិតជាមហាសោកស្តាយពន់ពេក និងហួសចិត្ត នៅពេលឃេីញទិដ្ឋភាពនាំគ្នាប្រមែលប្រមូលវត្ថុឬសំភារះ ធ្វេីពីប្រាក់ ឬស្ពាន់ជាស្នាដៃមរតកចាស់ៗពីដូនតា(អាចមានវត្ថុខ្លះតាំងពីសម័យបូរាណ) មករំលាយយកប្រាក់ ឬស្ពាន់ ដេីម្បីយកមកកសាងរូបសំណាកឬវត្ថុថ្មីអ្វីមួយ ក្រោមរូបភាពជំនឿសាសនា។ ឃេីញគំនិតនិងទស្សនៈបែបនេះ នឹកឃេីញដល់សម័យប៉ុលពត វាយកំទេចព្រះវិហារ សាលារៀន មន្ទីរពេទ្យ យកសសៃដែក មកស្លរធ្វេីជាដែកគោល!? សម័យសង្គ្រាមមានឈ្មួញមួយចំនួនបានដេីរប្រមូលទិញសំភារះបែបនេះយកទៅលក់ឱយឈ្មួញថៃ ហេីយរហូតឈានដល់លួចប្លន់កាត់ក្បាលរូបបដិមារ ឬវាយកំទេចរូបចម្លាក់តាមជញ្ជាំងប្រាសាទនានាផងដែរ។
នេះជាទង្វេីនាំការគិតខុសដល់សង្គម និងជាទង្វេីបំផ្លាញវប្បធម៌មរតកខ្លួនឯង ដោយខ្វះប្រាជ្ញាស្មារតីយល់ដឹង! បេីចង់ធ្វេីឬផលិតអ្វីថ្មីសូមរួបរួមទិញប្រាក់ស្ពាន់ថ្មីមកផលិតបន្តទៀតទេីបត្រឹមត្រូវ! សូមអំពាវនាវក្រសួងវប្បធម៌ ក្រសួងសាសនា អាជ្ញាធរមូលដ្ឋាន គណៈសង្ឃ សូមព្រះមេត្តា និងមេត្តាផ្សព្វផ្សាយអប់រំ ព្រមទាំងមានវិធានការច្បាប់ចំពោះករណីនេះ! ទេីបអាចផ្លាស់ប្តូរឥរិយាបថប្រជាជនមួយចំនួនតូចបាន និងអាចការពារស្នាដៃមរតកដូនតារបស់ខែ្មរអាចស្ថិតស្ថេរគង់វង្សយូរអង្វែង”៕



