ព័ត៌មានជាតិ

ប៉ុស្តិ៍ទូរទស្សន៍ថៃ One 31 ស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនា ដែលប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត

BY
Khmernote Media
February 29, 2020

បន្ទាប់ពីប្រជាជនកម្ពុជា បានប្រតិកម្មរិះគន់និងមិនពេញចិត្ត នឹងភាពយន្តភាគទូរទស្សន៍ថៃ ចំណងជើង រឿង”អសិរពិស” ដែលបានប្រើប្រាស់រូបព្រះឆាយាល័ក្ខណ៍របស់សម្តេចរាជបុត្រី ព្រះរៀមបុប្ផាទេវី ដោយពុំមានរាជានុញ្ញាត។ ពេលនេះក្រុមហ៊ុន One31 Company Limited ដែលជាក្រុមហ៊ុនផលិតភាពយន្តភាគ ទូរទស្សន៍ខាងលើ បានផ្ញើលិខិតមួយច្បាប់មកលោកជំទាវរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីពន្យល់ និងស្នើសុំអភ័យទោសចំពោះកំហុសឆ្គងដោយអចេតនា ជាមួយគ្នានេះ ក្រុមហ៊ុននឹងផ្ញើលិខិតមួយច្បាប់ថ្វាយសម្តេចព្រះមហាក្សត្រីយានី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ដើម្បីបញ្ជាក់ការទទួលស្គាល់ចំពោះកំហុសឆ្គងដោយអចេតនានេះ និងស្នើសុំការព្រះរាជទានទោស ពីសម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងប្រជាពលរដ្ឋកម្ពុជាទូទៅផងដែរ។

ដោយខាងក្រុមហ៊ុនទូរទស្សន៍ថៃបានបញ្ជាក់ថា ខ្លួនពុំមានចេតនាណាមួយ ក្នុងសេចក្តីមិនគោរពឬប្រមាថមាក់ងាយ ដល់ព្រះនាម ឬអង្គក្សត្រនៃព្រះញាតិវង្សនៃព្រះរាជាណាចក្រកម្ពុជានោះឡើយ។ ដោយក្រុមផលិតភាពយន្តថៃ បានប្រព្រឹត្តកំហុសប្រើរូបព្រះឆាយាលក្ខណ៍នៅក្នុងឈុតមួយ ដោយពុំបានពិនិត្យនិងកែសម្រួលជាមុនទេ។ ឈុតដែលមានបញ្ហា បានពិពណនាអំពីសិល្បការិនីឯក តាមរយៈការបញ្ជាំងរូបភាពលើផ្ទាំងស្លាយ ដែលនៅក្នុងនោះមានរូបនារីដ៏ស្រស់ស្អាតកំពុងសម្តែងរបាំអប្សរា ដោយមានគ្រងសម្លៀកបំពាក់ និងមកុដខ្មែរបុរាណ ហើយបន្ទាប់មកក៏មានឈុតស្រមៃ ថានាងជានារីរបាំកាលពីជាតិមុន។

ខាងក្រុមហ៊ុនទូរទស្សន៍ថៃមួយនេះ ក៏សូមព្រះរាជទានទោសដល់ព្រះញាតិវង្សនៃព្រះរាជាណាចក្រកម្ពុជា និងសូមអភ័យទោសដល់ប្រជាជនកម្ពុជាទាំងអស់ តាមរយៈលោកជំទាវរដ្ឋមន្ត្រី។ ក្រុមហ៊ុនទូរទស្សន៍ថៃមួយនេះសន្យាថានឹងព្យាយាមយ៉ាងពេញទំហឹង ធ្វើយ៉ាងណាមិនឲ្យមានហេតុការណ៍បែបនេះកើតឡើងម្តងទៀតឡើយ។ ហើយរូបព្រះឆាយាលក្ខណ៍ ត្រូវបានកាត់ចេញពីភាពយន្តទូរទស្សន៍ និងគ្រប់ទម្រង់អនឡាញរបស់ Channel One 31 ផងដែរ៕ សូមអានលិខិតបន្ថែមនៅខាងក្រោមនេះ ៖

ប្រភព៖ Pok Borak

Share This Post: