ទាស់សម្ដីជាមួយប្រពន្ធ បងថ្លៃចូលទៅឃាត់ ដូចចូលទៅអោយប្អូនថ្លៃ ដែលជាយោធា ដកកាំភ្លេីងបាញ់៣គ្រាប់ រងរបួសធ្ងន់ ហើយគេចខ្លួនបាត់
រាជធានីភ្នំពេញ ៖ បុរសជាមន្ត្រីយោធាម្នាក់បានដកកាំភ្លើងខ្លីបាញ់បងថ្លៃចំនួន៣គ្រាប់ បណ្ដាលឲ្យរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត រួចហើយខ្មាន់កាំភ្លើងជាមន្ត្រីយោធារូបនោះ បានរត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍បាញ់បោះបង្កការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៤:៤០នាទីល្ងាច ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចផ្ទះលេខT១៤ ផ្លូវបេតុង ក្រុមទី១ ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រពភបានឲ្យដឹងថា ជនសង្ស័យជាខ្មាន់កាំភ្លើងមានឈ្មោះ រស់ សូឌី ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរយោធា ឋានៈអនុសេនីយ៍ឯក ស្នាក់នៅផ្ទះកើតហេតុ (កំពុងរត់គេចខ្លួន)។ ចំណែកជនរងគ្រោះដែលត្រូវជាបងថ្លៃមានឈ្មោះ ប៊ន តុលា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករ មានទីលំនៅកន្លែងកើតហេតុ (រងរបួសធ្ងន់ កំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត)។
ប្រភពដដែលបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានទំនាស់ពាក្យសម្តីគ្នាជាមួយប្រពន្ធ រហូតឈានដល់ប្រើអំពើហិង្សា ឃើញដូច្នេះ ជនរងគ្រោះដែលត្រូវជាបងថ្លៃបានចូលឃាត់ ជាហេតុបណ្តាលឲ្យជនបង្កខឹងបានដកកាំភ្លើងខ្លី (មិនស្គាល់ម៉ាក)បាញ់ចំនួន៣គ្រាប់ បណ្ដាលឲ្យចំដៃទាំងសងខាង និងខ្នងរបស់ជនរងគ្រោះ រងរបួសធ្ងន់ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត ចំណែកជនបង្កបានរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្នក្រោយពីទទួលបានដំណឹងនេះ កម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យយកមកផ្ដន្ទាទោសតាមនិតិវិធីច្បាប់៕

ដោយ៖ បងម៉េង



