ក្មេងស្ទាវ២ក្រុម ចេញពីក្លឹបកម្សាន្ត ជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច បង្កជាហិង្សាវាយគ្នាបែកក្បាលម្នាក់ ផ្អើលពេញមុខមន្ទីរពេទ្យរុស្សី
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវ២ក្រុម បានចេញពីក្លឹបកម្សាន្ត ជិះម៉ូតូ ធ្វើដំណើរតាមផ្លូវ ក៏ជ្រុលទៅបុកគ្នា បណ្តាលឲ្យរងរបួសតិចតួចស្រាប់តែ ភាគីម្ខាងទៀតខឹងដកខ្សែក្រវ៉ាត់ វាយទៅភាគីម្ខាងទៀតបណ្តាលអោយរងរបួសបែកក្បាល។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៣: ៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ទល់មុខ មន្ទីរពេទ្យ មិត្តភាព ខ្មែរ សូវៀត (ពេទ្យរុស្សី) លើកំណាត់ផ្លូវ ២៧១ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចដកហូត ម៉ូតូ២គ្រឿងមួយគ្រឿង ម៉ាកMSX ពណ៌លឿង ពាក់ស្លាកលេខ សៀមរាប 1O 6989 ជារបស់ជនរងគ្រោះបែកក្បាល និងមួយគ្រឿងទៀតម៉ាកស្កុបពី ពណ៌ខ្មៅ ពាក់ស្លាក៦ កំពង់ស្ពឺ 1Q 7894 និងខ្សែក្រវាត់១ ជារបស់ភាគីខាងបង្ក។ ភាគីខាងម៉ូតូស្កុបពី មានឈ្មោះ ហួរ ម៉េងហ៊ា មុខរបរមិនពិតប្រាកដ មានស្រុកកំណើត ស្រុកបសេដ ខេត្តកំពង់ស្ពឺ ស្នាក់នៅ ផ្ទះជួល សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ និងម្នាក់ទៀត មានឈ្មោះ ហេង ពិសាល ភេទប្រុស អាយុ២២ឆ្នាំ មុខរបរ បើករថយន្ត ភូមិពោធិអង្ក្រង ស្រុកបសេដ ខេត្តកំពង់ស្ពឺ។ ដោយឡែកខាងភាគី រងរបួសបែកក្បាល ជិះម៉ូតូ ម៉ាក MSX មាន ឈ្មោះ សឹម នី ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករលក់ដូរ ស្នាក់នៅភូមិចំរើនផល សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ។

តាមសាក្សីដែលឃើញ ហេតុការណ៍បានអោយដឹងថា មុនពេល កើតហេតុគេបានឃើញ ក្រុមក្មេងស្ទាវ២ក្រុម ដោយមួយក្រុម មានគ្នា២នាក់ ជិះម៉ូតូ១គ្រឿង ចេញពីក្លឹបកម្សាន្ត យីហោប្លូឡាញ លុះជិះមកដល់ចំណុច កើតហេតុ ភាគីម៉ូតូទាំង២គ្រឿង ក៍ជ្រុល ទៅប៉ះគ្នា២ក្រោយ បណ្តាលអោយម៉ូតូទាំង២គ្រឿង ដួល និង ធ្វើឲ្យអ្នកជិះម៉ូតូ រងរបួសតិចតួច ហើយភ្លាមៗនោះដែរ ភាគីខាងម៉ូតូ ស្កុបពី ដែលជិះគ្នា២នាក់ ខឹងក៏បានដោះខ្សែ ក្រវាត់ វាយទៅភាគីខាងម៉ូតូ MSX បណ្តាលអោយបុរសម្នាក់រងរបួសបែកក្បាល ចំនែកម្នាក់ទៀតបានរត់ចោលគ្នាបាត់។
សាក្សីដដែរ បានបន្តទៀតថា នៅពេលកំពុងវាយប្រតាយប្រតប់គ្នា ក៏ស្រាប់តែកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាល ល្បាត ឆ្លងកាត់ទីនោះ ឃើញហេតុការណ៍ជាក់ស្ដែង ក៏បានឃាត់ភាគី ទាំងសងខាង ចំនួន៣នាក់ និង ម៉ូតូ២គ្រឿង ខ្សែក្រវាត់១ យកមកសាកសួរនៅប៉ុស្តិ៍នគរបាល ទំនប់ទឹកតែម្តង។ នៅពេលទៅដល់ប៉ុស្តិ៍នគរបាល ភាគីទាំងសង្ខាងបានសម្រប សម្រួលគ្នា ដោយសុខចិត្តសុំទោសគ្នា ហើយបញ្ចប់រឿងនៅ កន្លែងកើតហេតុ ដោយមិនបានប្តឹងផ្តល់ អ្វីនោះទេ ហើយពេល នោះសមត្ថកិច្ច ក៏បានអោយមានអ្នកមកធានា រួចហើយក៏បានអោយភាគីទាំងសងខាងត្រលប់ទៅផ្ទះវិញ៕








អត្ថបទ៖ បងម៉េង ខ្មែរណូត