ព័ត៌មានជាតិ

ជនអនាថាដើរដុតព្រៃ និងត្រែងងាប់ៗ នៅផ្លូវ៦០ម៉ែត្រ បណ្ដាលឲ្យឆេះផ្អើលសមត្ថកិច្ចខណ្ឌមានជ័យ ហៅរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍

BY
Khmernote Media
March 3, 2020

រាជធានីភ្នំពេញ ៖ ជនអនាថាគ្មានផ្ទះសំបែង ចេះតែដើររើសនេះរើសនោះយកមកសង់ខ្ទមស្នាក់នៅ ក្នុងដីឡូត៍ទុកចោល ហើយមកដុតខ្សែភ្លើងយកស្ពន់ បណ្ដាលឲ្យឆាបឆេះដើមត្រែង និងស្មៅងាប់ៗ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ នៅក្នុងដីឡូត៍មួយកន្លែង បង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងរថយន្តពន្លត់អគ្គិភ័យ ចេញជួយអន្តរាគមន៍បាញ់ពន្លត់។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោងជិត១០:៤០នាទីយប់ ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចដីឡូត៍ទុកចោលមួយកន្លែង នៅជិតរបងសាលាអន្តរជាតិ ISPP លេីផ្លូវ៦០ម៉ែត្រ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេតែងតែឃើញបុរសអនាថានោះ ដើររើសអេតចាយ និងរើសនេះរើសរោះតាមផ្លូវ ហើយបានយកខ្សែភ្លើងមកដុតយកស្ពន់ ទើបរាលដាលជាអគ្គិភ័យឆេះដើមត្រែង ព្រៃ និងស្មៅងាប់ៗ ចេញជាអណ្ដាតភ្លើងយ៉ាងសន្ធោរសន្ធៅ នៅក្នុងដីឡូត៍ទុកចោលត្រង់កន្លែងកើតហេតុខាងលើ បង្កការភ្ញាក់ផ្អើលដល់បងប្អូនអ្នកដំណើរឆ្លងកាត់នោះ រាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម សហការជាមួយកម្លាំងអន្តរាគមន៍ពិសេស របស់អធិការដ្ឋានខណ្ឌមានជ័យ និងរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យ បង្ការនិងពន្លត់អគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ចេញជួយអន្តរាគមន៍បាញ់ពន្លត់បានទាន់ពេលវេលា ។

ឃើញថាអគ្គីភ័យកើតឡើងសឹងរាល់ថ្ងៃជាពិសេសនៅប៉ុន្មានថ្ងៃនេះ គឺមានករណីអគ្គីភ័យជាប់គ្នាៗតែម្ដង! ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយត្ន័អោយបានខ្ពស់ ដើម្បីកុំអោយមានគ្រោះអគ្គីភ័យកើតឡើងចំពោះបងប្អូន៕

អត្ថបទ៖ បងម៉េង ខ្មែរណូត

Share This Post: