ចម្រៀងមួយបទចុងក្រោយ ក្រុមខាងអ្នកភូមិប្រាប់ឲ្យឈប់ច្រៀង ក៏កើតរឿង វាយតប់គ្នាកែវចានហោះ និងដេញកាប់ពេញរោងការ
ភ្នំពេញ ៖ មង្គលការ កូនប្រុសស្រីមួយគូជិតចូលដល់រាត្រីផ្សំដំណេក ខណៈនៅសល់១បទចប់កម្មវិធី ក៏ស្រាប់តែមានហិង្សាកើតឡើងរវាងអ្នកភូមិ និងខាងកូនកំលោះ បណ្តាលអោយបងប្រុសកូនកំលោះ រងរបួសបែកក្បាល និងកូនកំលោះចូលទៅជួយក៏ត្រូវរបួសហើមមាត់ បាក់ធ្មេញអស់២ផងដែរ តែត្រូវសមត្ថកិច្ចនាំមកសាកសួរនៅប៉ុស្តិ៍ទាំងសងខាង ។ ហេតុការណ៍នេះដែរបានបង្កអោយមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ១០:៥០នាទី យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ ២០២០ នៅផ្ទះខាងស្រី ដែលស្ថិតនៅភូមិ ដើមស្លែង សង្កាត់ ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ភាគីទាំងសងខាងមិនបានអោយដឹងអត្តសញ្ញាណនោះទេ គ្រាន់តែដឹងថា ខាងកូនកំលោះរបួសធ្ងន់២នាក់ ទាំងកូន កំលោះ។ ចំណែកខាងអ្នកភូមិវិញរបួសស្រាល៣នាក់ ។

បើតាមភាគីខាងកូនកំលោះ បានអោយដឹងថា មុនពេលកើតហេតុ កម្មវិធីមង្គលការរបស់ពួកគេកំពុងតែសប្បាយរាំច្រៀង លុះដល់ពេលជិតចប់ម៉ោងទៅហើយ ក៏ស្រាប់តែក្រុមខាងអ្នកភូមិ ដែលមានផ្ទះនៅក្នុងរោងការ បានប្រាប់ឲ្យខាងកូនកំលោះឲ្យឈប់ច្រៀង ស្រាប់តែពេលនោះក៏កើតជាពាក្យសម្តីប្រតាយប្រតប់វាយគ្នាទៅវិញទៅមក ដោយខាងកូនកំលោះមានសុទ្ធតែកែវហោះ ចំណែកឯខាងអ្នកភូមិមានកាំបិតទើបបើកឆាកប្រយុទ្ធគ្នា បណ្តាលឲ្យខាងប្រុសរងរបួសធ្ងន់២នាក់ ដោយកូនកំលោះបែកមាត់ និងបាក់ធ្មេញ ព្រោះចូលទៅជួយបងរបស់ខ្លួនដែលត្រូវខាងអ្នកភូមិកំពុងព្រួតវាយ ចំណែកឯបងកូនកំលោះរងរបួសបែកក្បាល។ ដោយឡែកខាងភាគីអ្នកភូមិរងរបួស៣នាក់ តែស្រាលគួរសម ហើយភ្លាមៗនោះដែរ ភាគីទាំងសងខាង ក៏ត្រូវសមត្ថកិច្ចហៅនាំមកសាកសួរនៅស្នាក់ការប៉ុស្តិ៍នគរបាលច្បារអំពៅទី២។ នៅចំពោះមុខសមត្ថកិច្ច ភាគីខាងអ្នកភូមិបានដាក់ពាក្យបណ្ដឹងមុន ដោយឡែកខាងកូនកំលោះទៅព្យាបាលរបួសរួច ក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលច្បារអំពៅ២ តាម ក្រោយ។
ក្រោយពេលកើតហេតុ ដោយសារតែភាគីអ្នកភូមិ បានដាក់ ពាក្យបណ្ដឹងមុន សមត្ថកិច្ចបានអោយទៅផ្ទះមុន ដោយឡែក ខាងកូនកំលោះរងរបួសធ្ងន់ បានមកដាក់ពាក្យបណ្ដឹងតាមក្រោយ ដើម្បីរកដំណោះស្រាយ តែសមត្ថកិច្ចមិនទាន់មាន ដំណោះស្រាយនោះទេ។ បច្ចុប្បន្នបន្ទាប់ពីទទួលបណ្ដឹងភាគីទាំងសងខាងរួចមក សមត្ថកិច្ច ក៍បានអោយភាគីខាងកូនកំលោះទៅផ្ទះសំរាកសិន ចាំព្រឹកនេះ ទើបសមត្ថកិច្ច កោះហៅ ភាគី ទាំង សងខាង មក ធ្វើការដោះស្រាយគ្នា ជាបន្តទៀត៕



អត្ថបទនិងរូបភាព៖ ដោយបងម៉េង ខ្មែរណូត