ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី ចែកចាយ រូបភាពនិងវីដេអូអាសអាភាស នៅក្នុង ហ្វេសប៊ុក និង Telegram
ដោយការចង្អុលបង្ហាញពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងស៊ើបអង្កេតរហូតដល់មានការឃាត់ខ្លួនបុរសម្នាក់ កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន ព្រមទាំងមានការសម្របសម្រួលពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ យល់ ធារ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ បានសារភាពថា កាលពីដើមខែ មករា ឆ្នាំ២០២០ ខ្លួនពិតជាបានចាប់ផ្ដើមបង្កើតគណនីហ្វេសប៊ុក និង Telegram ក្លែងក្លាយដើម្បីធ្វើសកម្មភាពផលិត រក្សាទុកនិងចែកចាយ រូបភាពនិង វីដេអូអាសអាភាសកុមារ នារីខ្មែរនិងបរទេស ធ្វើអាជីវកម្ម នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក និងបណ្តាញទំនាក់ទំនង Telegram ក្នុងគោលបំណងរកប្រាក់ចំនូលពីការទាញយកអ្នកទស្សនានិង លក់វីដេអូទាំងនោះ ហើយប្រភពវីដេអូទាំងនោះខ្លួនបានទាញយកពីបណ្តាញសង្គមផ្សេងៗ។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថាបច្ចុប្បន្ននេះ មានជនឆ្លៀតឱកាសបង្កើត Group Chat និង Channel Telegram ដើម្បីចែកចាយ រូបភាពអាសអាភាស និងមានពេលខ្លះមានរូបអាសអាភាសកុមារ ដែលជាអំពើល្មើសច្បាប់យ៉ាងធ្ងន់ធ្ងរ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ពៅ ប្រធាននាយកដ្ឋាន បានព្រមាននឹងចាត់វិធានការបន្តទៀតចំពោះករណីល្មើសខាងលើនេះ៕





ប្រភព៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា Anti Cyber Crime Department