អ្នកធ្វើតេស្តរកមេរោគ COVID-19 នៅកម្ពុជា កើនដល់ ៤២៥ ករណី តែមិនទាន់រកឃើញអ្នកផ្ទុកមេរោគនេះនៅឡើយទេ
យោងតាមការជូនដំណឹងរបស់ នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ហៅកាត់ថា CDC បានអោយដឹងថា រហូតដល់ម៉ោង ៥ ល្ងាច ថ្ងៃទី ៦ មីនា ២០២០ យើងនៅមិនទាន់រកឃើញករណីថ្មីនៅឡើយទេ យើងនៅតែរក្សា ១ករណី ដដែល ដែលគាត់ជាជនជាតិចិន ហើយគាត់បានព្យាបាលជាសះស្បើយគ្រូពេទ្យនៅក្រុងព្រះសីហនុ និងបានវិលត្រលប់ទៅប្រទេសចិនវិញ នៅថ្ងៃទី ១០ កុម្ភ: ២០២០ ។

នាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដដែល បានបន្តអោយដឹងទៀតថា មកទល់នឹងពេលនេះ យើងបានធ្វើតេស្តកើនដល់ ៤២៥ ករណី តែមិនបានរកឃើញវិជ្ជមានមេរោគ COVID-19 នោះទេ ។ ដោយឡែកអ្នកប៉ះពាល់ផ្ទាល់ ៤នាក់ និង ៤០នាក់ប៉ះពាល់ប្រយោល ជាមួយអ្នកជំងឺជនជាតិជប៉ុន ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និងតាមដានសុខភាពនោះ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡើយទេ ។ យេីងនៅតែបន្តធ្វើការងារខាងលើនេះដោយសហការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី មន្រ្តីអង្គការសុខភាពពិភពលោក WHO មជ្ឈមណ្ឌលប្រយុទ្ធនឹងជំងឺឆ្លងសហរដ្ឋអាមេរិក USCDC និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា IPC ។ ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥



