គ្រួសាររបស់ បុរសខ្មែរអាយុ៣៨ឆ្នាំដែលមានផ្ទុកវីរ៉ុស Covid-19 ក្នុងនោះមានប្រពន្ធ និងប្អូនថ្លៃ ក៏ត្រូវបានក្រសួងសុខាភិបាល យកសំណាកទៅពិនិត្យ និងដាក់ដោយឡែកដែរ
ខេត្តសៀមរាប៖ នៅមុននេះបន្តិច ក្រសួងសុខាភិបាល បានរៀបចំសន្និសីទសារព័ត៌មានបន្ទាន់មួយ ពាក់ព័ន្ធបញ្ហាជំងឺ COVID-19 នៅខេត្តសៀមរាប។ នៅក្នុងសន្និសីទសារព័ត៌មាននោះផងដែរ ឯកឧត្តម ម៉ម ប៊ុនហេង បានធ្វើការប្រកាសជាសាធារណៈថា នៅក្នុងចំណោមមនុស្ស៤នាក់ ដែលបានប៉ះពាល់ដោយផ្ទាល់ជាមួយបុរសជនជាតិជប៉ុន គឺក្រុមគ្រូពេទ្យបានរកឃើញថាមានបុរសកម្ពុជាម្នាក់អាយុ៣៨ឆ្នាំបានបង្ហាញភាពវិជ្ជមាននៃវីរុស COVID-19 ចំណែកឯ៣នាក់ទៀតមានលទ្ធផលអវិជ្ជមាន ប៉ុន្តែត្រូវដាក់ឲ្យដាច់ដោយឡែកតាមដានបន្តទៀត។
ក្នុងនោះផងដែរ ចំណោមអ្នកប៉ះពាលពីថ្ងៃទី០៦ ជនជាតិជប៉ុន មានបុរស ២នាក់ និងស្រី ២ នាក់ ហើយក្នុងនោះស្រីម្នាក់ជាជនជាតិជប៉ុន។ ចំណែកព្រឹកមិញនេះក្រសួងសុខាភិបាល បានរកឃើញស្រីជនជាតិជប៉ុនម្នាក់ផ្សេងទៀតដែលប៉ះពាល់ផ្ទាល់ជាមួយជនជាតិជប៉ុននោះ និងគ្រួសាររបស់បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលមានប្រពន្ធ និងប្អូនថ្លៃ តែមិនទាន់ចេញរោគសញ្ញាទេ ក្រសួងកំពុងយកសំណាកទៅពិនិត្យ និងដាក់ដោយឡែកដែរ។ គួរបញ្ជាក់ថា បុរសខ្មែរអាយុ ៣៨ឆ្នាំ ដែលឆ្លងមេរោគ Covid 19 ពីជនជាតិជប៉ុនគឺជាអ្នកគ្រប់គ្រងអាជីវកម្មឲ្យជនជាតិជប៉ុននោះ៕


