ប្រុសស្រី៤នាក់ បើករថយន្ត LEXUS ស៊េរទំនើបមិនទាន់ពាក់ស្លាកលេខ លឿនដូចហោះ រេចង្កូតបុករះរ៉ឺម៉កអេតចាយ និងកង់បីឥណ្ឌា២គ្រឿងខូចខាតយ៉ាងដំណំ រួចបុកជញ្ជាំងផ្ទះទៀត ទើបបើកទៅមុខលែងរួច
រាជធានីភ្នំពេញ ៖ រថយន្តស៊េរីទំនើប LEXUS HS250h បោះពួយលឿនពេក រេចង្កូតបុករះជាមួយនឹងរ៉ឺម៉កអេតចាយ ហើយបន្តទៅបុកកង់បីឥណ្ឌាចំនួន២គ្រឿងទៀត ដែលចតស្ងៀមទុកចោលអែបចិញ្ចើមផ្លូវ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តបង្កឡើងលើចិញ្ចើមផ្លូវ ទៅបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋថែមទៀត បណ្ដាលឲ្យខូតខាតមួយកំណាត់មុខ បើកទៅមុខលែងរួច បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះពិនិត្យមើលនៅកន្លែងកើតហេតុផងដែរ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតមានឡើងនៅវេលាម៉ោងជាង១រំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវ២១១ មុខបុរីកីឡា ស្ថិតក្នុងវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក LEXUS HS250h ពណ៌ស គ្មានស្លាកលេខ បើកបរដោយបុរសនារីមួយក្រុម មានគ្នា៤នាក់ បានបើកបានធ្វើដំណើរតាមបណ្ដោយផ្លូវ២១១ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ប្លុកអាគារបុរីកីឡា ស្រាប់តែរេចង្កូតមកខាងឆ្វេងដៃ បុករទេះអេតចាយដែលចតចោលអែបចិញ្ចើមផ្លូវ ខ្ទាតរ៉ាយបាយពេញផ្លូវ ហើយបន្តទៅមុខទៀតបុករះកង់បីឥណ្ឌា២គ្រឿងទៀត បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយរថយន្តក៏ហោះឡើងខឿន ទៅបុកជញ្ជាំងផ្ទះរបស់ប្រជាពលរដ្ឋបន្តទៀត បណ្ដាលឲ្យរថយន្តបង្ករងការខូចខាតខ្ទេចអស់មួយកំណាត់មុខ បើកទៅមុខលែងរួច តែសំណាងល្អ ដែលរថយន្តបង្កស៊េរីទំនើបបានផ្ទុះពោងសុវត្ថិភាពទាំងអស់ក្នុងរថយន្ត ទើបមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសឡើយ ។ ប្រភពបន្តថាភ្លាមៗនោះមនុស្សប្រុសស្រីទាំង៤នាក់ បានប្រញាប់ប្រញាល់ប្រមូលសម្ភារៈ និងរបស់មានតម្លៃ ហើយទុករថយន្តចោល រួចនាំគ្នាគេចចេញពីកន្លែងកើតហេតុបាត់អស់ទៅមុនសមត្ថកិច្ចចុះមកដល់ ទើបបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋចោមរោមពេញកន្លែងកើតហេតុ និងរាយការណ៍ប្រាប់អោយសមត្ថកិច្ចមូលដ្ឋានចុះមកពិនិត្យមើលផងដែរ។
ក្រោយមកគេឃើញមានតំណាងខាងរថយន្តបង្ក បានមកដល់កន្លែងកើតហេតុដែរ និងបានចរចារជាមួយភាគីរងគ្រោះដែរ តែមិនត្រូវគ្នា ទើបប្រគល់ឲ្យសមត្ថកិច្ចខណ្ឌ៧មករា វាស់វែងតែម្ដង។
បច្ចុប្បន្នក្រោយពេលកើតហេតុ រថយន្តបង្ក និងកង់បីឥណ្ឌា ដែលរងការខូតខាតទាំងពីរគ្រឿង ត្រូវបានសមត្ថកិច្ចខណ្ឌ៧មករា ចុះមកវាស់វែង យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ ចំណែកឯម្ចាស់រ៉ឺម៉កអេតចាយ ក៏បានទៅដាក់ពាក្យបណ្ដឹង អោយសមត្ថកិច្ចជួយដោះស្រាយដែរ ព្រោះរ៉ឺម៉កដឹកអេតចាយខូតខ្ទេចអស់ទៅហើយ ៕

អត្ថបទ៖ បងម៉េង ខ្មែរណូត