រន្ធត់ណាស់! សិស្សវិទ្យាល័យបាក់ទូក ជិះម៉ូតូទៅរៀន រអិលដួលពាក់កណ្ដាលផ្លូវ ត្រូវរថយន្តកូរ៉េ បើកមកពីក្រោយ បុកកិនស្លាប់ នៅគល់ស្ពានអាកាសស្ទឹងមានជ័យ
រាជធានីភ្នំពេញ ៖ ពិតជាគួរឲ្យរន្ធត់ណាស់! យុវសិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១២J2 បានស្លាប់បាត់បង់ជីវិតយ៉ាងអាណោចអាធ័ម បន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍ អំឡុងពេលជិះម៉ូតូទៅសាលារៀន តែបានពាក់កណ្តាលផ្លូវ បែរជា រអិលដួលម៉ូតូ ហើយត្រូវរថយន្តកូរ៉េមួយគ្រឿង បើកមកពីក្រោយ មិនប្រយ័ត្ន ក៏បានបុកកិនបន្ថែមទៀត បណ្ដាលឲ្យស្លាប់តែម្ដង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង០៦:១០នាទីព្រឹកព្រលឹម ថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចគល់ស្ពានអាកាសស្ទឹងមានជ័យ (ប៉ែកខាងលិច) លើផ្លូវ២៧១ ស្ថិតក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

បើតាម អត្តសញ្ញាណប័ណ្ណ សិស្សដែលនៅជាប់ខ្លួនជនរងគ្រោះ មានឈ្មោះ គឹម ទេពពេជ្រពន្លឺ ភេទប្រុស អាយុ១៩ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូក ថ្នាក់ទី១២J2 មានស្រុកកំណើត នៅសង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន បច្ចុប្បន្នរស់នៅផ្ទះលេខ០៩F1,F2 ផ្លូវលេខ៣ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាស៊ូម័រអ៉ិច (Honda Zoomer-X) ពណ៍ក្រហមលាយខ្មៅ ពាក់ស្លាកលេខកភ្នំពេញ 1HH-0068 ។
ចំណែករថយន្តបង្កម៉ាក ហ៊ីយ៉ានដាយ ប្រភេទដឹកទំនិញ ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AE-9840 បេីកបរដោយបុរសម្នាក់(មិនទាន់ស្គាល់អត្តសញ្ញាណ ) ត្រូវបានបងប្អូនប្រជាពលរដ្ឋ និងអ្នកដំណើរឆ្លងកាត់ កន្លែងកើតហេតុ ជួយឃាត់បាន ប្រគល់អោយ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបឹងសាឡាង ឃាត់ខ្លួន នាំយកទៅស្នាក់ការប៉ុស្តិ៍ដើម្បីរងចាំប្រគល់អោយ សមត្ថកិច្ចជំនាញ ចាត់ការតាមនិតីវិធី៕



អត្ថបទ៖ បងម៉េង ខ្មែរណូត