សម្តេចតេជោ ស្នើឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក អនុញ្ញាតឲ្យកម្មករជំពាក់ថ្លៃទឹក និងថ្លៃភ្លើងមួយរយៈសិន អំឡុងពេលកម្មករព្យួរការងារ
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់ ឆ្ពោះទៅកាន់ព្រំដែនថ្មដា ជាប់ជាមួយខេត្តត្រាត ប្រទេសថៃ និងបើកការដ្ឋានសាងសង់ផ្លូវជាតិ១០ តភ្ជាប់ពីសំឡូត ទៅខេត្តកោះកុង។
ក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ដោយសារកន្លែងខ្លះកម្មករគ្នាត្រូវព្យួរការងារ ធ្វើឲ្យខ្វះលុយក្នុងការបង់ថ្លៃភ្លើង ថ្លៃទឹក ដូច្នេះសម្តេចបានស្នើឲ្យអគ្គិសនីកម្ពុជា និងរដ្ឋាករទឹក ធ្វើការយោគយល់អនុញ្ញាតឲ្យកម្មករជំពាក់ថ្លៃទឹក ថ្លៃភ្លើងសិន។ សម្តេចបានបញ្ជាក់ទៀតថា ការពិតកម្មករ-កម្មការិនីប្រើភ្លើងក្រោម៥០គីឡូវ៉ាត់ទេ ដូច្នេះវាមិនច្រើនទេ។ ប៉ុន្តែមិនមានន័យថាប៉ាវទូទៅនោះទេ បើផ្ទះសំណាក់ ឬសណ្ឋាគារសុំឲ្យជំពាក់បង់ថ្លៃ គឺមិនកើតដែរ ព្រោះកាលណាផ្ទះសំណាក់ ឬសណ្ឋាគារអត់ដំណើរការ គឺប្រើភ្លើងនោះទេ ដូច្នេះយើងគិតជំហ៊ានដំបូងគឺកម្មករ៕

អត្ថបទ៖ សេម