ស្រវឹងបើករថយន្តស៊េរីទំនើប GX470 បំពានភ្លើងស្តុប ត្រូវបុរសនារី២នាក់ជិះម៉ូតូទៅបុកចំទ្វាររថយន្ត បណ្ដាលឲ្យដួលរងរបួសធ្ងន់
រាជធានីភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងរថយន្តស៊េរីទំនើប LEXUS GX470 មួយគ្រឿង បើកឆ្លងកាត់ផ្លូវបំបែកជាបួន សង្ស័យបំពានភ្លើងស្តុបចរាចរណ៍ ត្រូវបុរសស្ត្រី២នាក់ប្ដីប្រពន្ធ ជិះម៉ូតូមួយគ្រឿង ឌុបគ្នាក្នុងល្បឿនលឿន ចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ពីចំទ្វារខាងឆ្វេងផ្នែកខាងក្រោយ បណ្ដាលឲ្យ ដួលបោកនឹងថ្នល់រងរបួសទាំងពីរនាក់ប្ដីប្រពន្ធ ហើយរថយន្តបង្កបានបើករត់គេចទៅចតនៅមុខភោជនីយដ្ឋានមួយកន្លែងក៏ត្រូវ អ្នកឃើញហេតុការណ៍តាមរកឃើញ ហើយជួយឃាត់បានរាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ផ្សារដេប៉ូ៣ ចុះទៅនាំយកមកកន្លែងកើតហេតុវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលវេលាម៉ោងជាង០៣:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចស្តុបវត្តនាគវ័ន ផ្លូវសហព័ន្ធរុស្ស៊ី កែងផ្លូវ១៣២ ភូមិ២ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ជាប់ព្រំប្រទល់ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
យោងតាមសាក្សីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាកឡិចស៊ីស LEXUS GX470 V8 ពណ៍ស ពាក់ស្លាកលេខភ្នំពេញ 2AP-7776 បើកបរដោយបុរសម្នាក់ ទំនងជាស្រវឹងស្រា បានបើកបរតាមផ្លូវ១៣២ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន ឆ្លងកាត់ផ្លូវបំបែកជាបួនខាងលើ ទាំងបំពានភ្លើងស្តុប ចរាចរណ៍ ស្រាប់តែត្រូវបានបុរសនារី២នាក់ប្ដីប្រពន្ធ កំពុងជិះម៉ូតូមួយគ្រឿង ម៉ាកហុងដាហ្សូម័រអ៉ិច (Honda Zoomer-X) ពណ៍ក្រហមលាយស ពាក់ស្លាកលេខបាត់ដំបង 1AD-6193 ឌុបគ្នា ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្សី ពីកើតទៅលិច ដោយមិនបានពាក់មួកសុវត្ថិភាពឡើយ ខណៈដែលកំពុងបើកបរក្នុងល្បឿនលឿន ផងនោះ ទើបចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុក ចំទ្វារខាងក្រោយចំហៀងខាងឆ្វេងរបស់រថយន្ត LEXUS GX470 បណ្ដាលឲ្យដួលរងរបួសធ្ងន់ទាំងពីរនាក់ ហើយរថយន្តបានបើកយករថយន្តទៅទុកនៅមុខភោជនីយដ្ឋានមួយកន្លែង ក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក តែត្រូវបានអ្នកឃើញហេតុការណ៍តាមរកឃើញ ហើយជួយឃាត់ រាយការណ៍ប្រាប់សមត្ថកិច្ច ប៉ុស្តិ៍ ផ្សារដេប៉ូ៣ ចុះទៅនាំយកមកកន្លែងកើតហេតុវិញ ។
លុះមកដល់កន្លែងកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣ និងសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌ ទួលគោក បានចុះទៅពិនិត្យមើលជាក់ស្ដែង កន្លែងកើតហេតុ មិនមែនស្ថិតក្នុងទឹកដីសង្កាត់ផ្សារដេប៉ូទី៣ឡើយ គឺស្ថិតក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ ទើបរាយការណ៍ប្រគល់អោយខាងសមត្ថកិច្ចខណ្ឌដូនពេញវិញ។
ចំណែកអ្នករបួសទាំងពីរនាក់ប្ដីប្រពន្ធត្រូវបាន ប្រជាពលរដ្ឋ នាំគ្នាជួយសង្គ្រោះបឋម និងទាក់ទងរថយន្តគិលានសង្គ្រោះគ្លីនិកឯកជន ពន្លឺ មកដឹកយកទៅសង្គ្រោះ ភ្លាមៗ ផងដែរ។ បច្ចុប្បន្នក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ ស្រះចក និងសមត្ថកិច្ចផ្នែកវាស់វែងចរាចរណ៍ខណ្ឌ ដូនពេញ បានរាយការណ៍ប្រាប់ សមត្ថកិច្ចជំនាញ ចុះមកវាស់វែង យករថយន្ត និងម៉ូតូរបស់ជនរងគ្រោះយកទៅរក្សាទុកបណ្ដោះអាសន្ន នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយ នៅពេលក្រោយ៕



អត្ថបទ៖ បងម៉េង ខ្មែរណូត